ព្រះត្រៃបិដក ភាគ ៤៣
ម្នាលភិក្ខុ ប្រពៃហើយ ប្រពៃហើយ សេចក្ដីឆ្លាសរបស់អ្នក ស្រួលហើយ សេចក្ដីវាងវៃ ស្រួលហើយ សេចក្ដីសាកសួរល្អហើយ ម្នាលភិក្ខុ ដ្បិតអ្នកបានសួរយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន បុគ្គលដែលព្រះអង្គត្រាស់ថា ជាពហុស្សូត អ្នកទ្រទ្រង់ធម៌ ជាពហុស្សូត អ្នកទ្រទ្រង់ធម៌ ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលជាពហុស្សូត អ្នកទ្រទ្រង់ធម៌ តើដោយហេតុដូចម្ដេច។ បពិត្រព្រះអង្គដ៏ចំរើន យ៉ាងនោះមែន។ ម្នាលភិក្ខុ ធម៌ទាំងឡាយ ដែលតថាគត សំដែងទុកច្រើនយ៉ាង គឺសុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ បើភិក្ខុដឹងអត្ថ និងធម៌របស់គាថា ត្រឹមតែ៤បាទ ហើយជាអ្នកប្រតិបត្តិធម៌ សមគួរដល់ធម៌ ក៏គួរហៅថា ជាពហុស្សូត អ្នកទ្រទ្រង់ធម៌បាន។ ភិក្ខុនោះ ត្រេកអរ រីករាយនឹងភាសិត របស់ព្រះដ៏មានព្រះភាគថា សាធុ ព្រះអង្គ ហើយក៏សួរប្រសា្ននឹងព្រះដ៏មានព្រះភាគ តទៅទៀតថា បពិត្រព្រះអង្គដ៏ចំរើន បុគ្គលដែល ព្រះអង្គត្រាស់ថា បុគ្គលអ្នកចេះដឹង មានបា្រជ្ញាចាក់ធ្លុះ បុគ្គលអ្នកចេះដឹង មានបា្រជ្ញាចាក់ធ្លុះ ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលអ្នកចេះដឹង មានបា្រជ្ញាចាក់ធ្លុះ តើដោយហេតុដូចម្ដេច។ ម្នាលភិក្ខុ ប្រពៃហើយ ប្រពៃហើយ
ID: 636853709170538433
ទៅកាន់ទំព័រ៖