ព្រះត្រៃបិដក ភាគ ៤៣
បពិត្រព្រះគោតមដ៏ចំរើន ចំឡែកណាស់ ព្រោះពាក្យនេះ ព្រះគោតមដ៏ចំរើន ត្រាស់ត្រូវហើយថា ម្នាលព្រាហ្មណ៍ ការណ៍នុ៎ះ មិនសមហេតុ មិនសមផលទេ ដែលថា អសប្បុរស គប្បីស្គាល់អសប្បុរសថា អ្នកនេះ ជាអសប្បុរស ដូច្នេះ។ ម្នាលព្រាហ្មណ៍ ការណ៍នុ៎ះ មិនសមហេតុ មិនសមផលដែរ ដែលថា អសប្បុរស គប្បីស្គាល់សប្បុរសថា អ្នកនេះ ជាសប្បុរស ដូច្នេះ។ ម្នាលព្រាហ្មណ៍ ការណ៍នុ៎ះ ទើបមានទំនងពិត ដែលថា សប្បុរស គប្បីស្គាល់សប្បុរសបានថា អ្នកនេះ ជាសប្បុរស ដូច្នេះ ។ ម្នាលព្រាហ្មណ៍ ការណ៍នុ៎ះ ក៏មានទំនងដែរ ដែលថាសប្បុរស គប្បីស្គាល់អសប្បុរសបានថា អ្នកនេះ ជាអសប្បុរស ដូច្នេះ។ បពិត្រព្រះគោតមដ៏ចំរើន សម័យមួយ ក្នុងបរិសទ្យរបស់តោទេយ្យព្រាហ្មណ៍ ពួកជននិយាយពាក្យជាទីតិះដៀលមនុស្សដទៃថា ស្ដេចឯឡេយ្យនេះល្ងង់ ដែលទ្រង់ជ្រះថ្លាខ្លាំង ក្នុងសមណរាមបុត្រ ថែមទាំងធ្វើសេចក្ដីឱនលំទោនខ្ពស់បំផុត យ៉ាងនេះ គឺថ្វាយបង្គំ ក្រោកទទួល ប្រណម្យដៃ ធ្វើសេចក្ដីគោរព ក្នុងសមណរាមបុត្រ។ ទាំងពួកបរិវារ របស់ស្ដេចឯឡេយ្យទាំងនេះ គឺយមកៈ ១ មោគ្គល្លៈ ១ ឧគ្គៈ ១ នាវិនាកី ១ គន្ធព្វ ១ អគ្គិវេស្ស ១ ក៏ល្ងង់ដែរ ដែលទៅជ្រះថ្លា ក្នុងសមណរាមបុត្រ
ID: 636853709985325037
ទៅកាន់ទំព័រ៖