ព្រះត្រៃបិដក ភាគ ៤៣

កម្មបថ​វគ្គ​ ​ទី៧​


 [​១១៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​៤​ ​ប្រការ​ ​រមែង​កើត​ក្នុង​នរក​ ​ដូចជា​គេ​នាំ​យក​ទៅ​ទំលាក់​។​ ​ធម៌​ ​៤ប្រការ​ ​គឺ​អ្វីខ្លះ​។​ ​គឺ​បុគ្គល​ដែល​សម្លាប់សត្វ​ ​ដោយខ្លួនឯង​ ​១​ ​ដឹកនាំ​អ្នកដទៃ​ ​ក្នុង​ការ​សម្លាប់សត្វ​ ​១​ ​ពេញចិត្ត​ក្នុង​ការ​សម្លាប់សត្វ​ ​១​ ​ពោល​សរសើរ​ការ​សម្លាប់សត្វ​(​១​)​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​៤ប្រការ​នេះ​ ​រមែង​កើត​ក្នុង​នរក​ ​ដូច​គេ​នាំ​យក​ទៅ​ទំលាក់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​៤ប្រការ​ ​រមែង​កើត​ក្នុង​ឋានសួគ៌​ ​ដូច​គេ​នាំ​យក​ទៅ​ដាក់​។​ ​ធម៌​ ​៤ប្រការ​ ​គឺ​អ្វីខ្លះ​។​ ​គឺ​បុគ្គល​វៀរចាក​ការ​សម្លាប់សត្វ​ដោយខ្លួនឯង​ ​១​ ​ដឹកនាំ​អ្នកដទៃ​ ​ក្នុង​ការ​វៀរចាក​ការ​សម្លាប់សត្វ​ ​១​ ​ពេញចិត្ត​ក្នុង​ការ​វៀរចាក​ការ​សម្លាប់សត្វ​ ​១​ ​ពោល​សរសើរ​ការ​វៀរចាក​ការ​សម្លាប់សត្វ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​៤ប្រការ​នេះ​ ​រមែង​កើត​ក្នុង​ឋានសួគ៌​ ​ដូច​គេ​នាំ​យក​ទៅ​ដាក់​។​
​(​១​)​ ​ការរាប់​ ​៤ៗ​នោះ​ ​ឲ្យ​រាប់​ក្នុង​មួយ​បទៗ​ ​គឺ​ក្នុង​មួយ​បទៗ​ ​ចែក​ការ​ធ្វើជា៤​ ​គឺ​ធ្វើខ្លួន​ឯង​ ​ដឹកនាំ​អ្នកដទៃ​ ​ពេញចិត្ត​ ​និយាយ​សរសើរ​។​
ថយ | ទំព័រទី ២៧៨ | បន្ទាប់
ID: 636853759973844216
ទៅកាន់ទំព័រ៖