ព្រះត្រៃបិដក ភាគ ៤៤
បានទទួលចំពោះព្រះភក្រ្តព្រះដ៏មានព្រះភាគថា បុគ្គលឲ្យរបស់ជាទីគាប់ចិត្ត រមែងបានរបស់ជាទីគាប់ចិត្តវិញ។ បពិត្រព្រះអង្គដ៏ចំរើន សូករមំសៈដ៏ប្រសើរ ស្អាតជាទីគាប់ចិត្ត របស់ខ្ញុំព្រះអង្គមាន សូមព្រះដ៏មានព្រះភាគ ទ្រង់ទទួលសូករមំសៈនោះ ដើម្បីអនុគ្រោះខ្ញុំព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ទទួល ដើម្បីអនុគ្រោះ។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យនេះ ខ្ញុំព្រះអង្គ បានស្តាប់ចំពោះព្រះភក្រ្ត បានទទួលចំពោះព្រះភក្រ្តព្រះដ៏មានព្រះភាគថា បុគ្គលឲ្យរបស់ជាទីគាប់ចិត្ត រមែងបានរបស់ជាទីគាប់ចិត្តវិញ។ បពិត្រព្រះអង្គដ៏ចំរើន នាលិយសាក
(១) ដែលច្រឡំដោយប្រេង ជាទីគាប់ចិត្ត របស់ខ្ញុំព្រះអង្គ សូមព្រះដ៏មានព្រះភាគ ទ្រង់ទទួលនាលិយសាកនោះ ដើម្បីអនុគ្រោះខ្ញុំព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ទទួលដើម្បីអនុគ្រោះ។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យនេះ ខ្ញុំព្រះអង្គ បានស្តាប់ចំពោះព្រះភក្រ្ត បានទទួលចំពោះព្រះភក្រ្តព្រះដ៏មានព្រះភាគថា បុគ្គលឲ្យរបស់ជាទីគាប់ចិត្ត រមែងបានរបស់ជាទីគាប់ចិត្តវិញ។ បពិត្រព្រះអង្គដ៏ចំរើន បាយស្រូវសាលី ឥតមានរនុក មានសំឡច្រើនមុខ មានម្ហូបក្រៀមច្រើនមុខ ជាទីគាប់ចិត្តខ្ញុំព្រះអង្គ សូមព្រះដ៏មានព្រះភាគ ទ្រង់ទទួលនូវភោជននោះ ដើម្បីអនុគ្រោះ ខ្ញុំព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ទទួលដើម្បីអនុគ្រោះ។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យនេះ ខ្ញុំព្រះអង្គ បានស្តាប់ចំពោះព្រះភក្រ្ត បានទទួលចំពោះព្រះភក្រ្ត ព្រះដ៏មានព្រះភាគ ថា បុគ្គលអ្នកឲ្យរបស់ជាទីគាប់ចិត្ត រមែងបានរបស់ជាទីគាប់ចិត្តវិញ។
(១) នាលិយសាកនេះ សំដៅយកភោជនីយាហារ ដែលគេច្របាច់ជាមួយនឹងម្សៅស្រូវសាលី ហើយចំអិនក្នុងសប្បិ ដែលលាយដោយជីរជាដើម រួចលាយដោយរសផ្អែម ៤យ៉ាង ទើបអប់ឲ្យក្រអូប។ អដ្ឋកថា។ បើតាមសេចក្តីចូលចិត្ត គឺ សំឡប្រហិត។
ID: 636853803568467686
ទៅកាន់ទំព័រ៖