ព្រះត្រៃបិដក ភាគ ៤៤
គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះ ឧគ្គទេវបុត្រ កាលរាត្រីកន្លងទៅហើយ មានរស្មីដ៏រុងរឿង បំភ្លឺវត្តជេតពនទាំងអស់ ហើយចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយឈរក្នុងទីសមគួរ។ លុះឧគ្គទេវបុត្រ ឈរក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ត្រាស់សួរយ៉ាងនេះថា ម្នាលឧគ្គៈ សេចក្តីសមតាមបំណងរបស់អ្នក មានដែរឬទេ។ បពិត្រព្រះដ៏មានព្រះភាគ សូមទ្រង់ជ្រាប សេចក្តីសមប្រកបតាមបំណង របស់ខ្ញុំព្រះអង្គ មានដែរ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ បានត្រាស់នឹងឧគ្គទេវបុត្រ ដោយគាថាទាំងឡាយថា
បុគ្គលអ្នកឲ្យរបស់ជាទីគាប់ចិត្ត រមែងបានរបស់ជាទីគាប់ចិត្តវិញ បុគ្គលអ្នកឲ្យរបស់ខ្ពង់ខ្ពស់ រមែងបានរបស់ខ្ពង់ខ្ពស់វិញ បុគ្គលអ្នកឲ្យរបស់ប្រសើរ រមែងបានរបស់ដ៏ប្រសើរវិញ បុគ្គលអ្នកឲ្យរបស់ដ៏ថ្លៃថ្លា រមែងបាននូវឋានៈដ៏ថ្លៃថ្លាវិញ នរៈណា អ្នកឲ្យរបស់ខ្ពង់ខ្ពស់ផង អ្នកឲ្យរបស់ប្រសើរផង អ្នកឲ្យរបស់ថ្លៃថ្លាផង នរៈនោះ កើតក្នុងទីណាៗ ជាអ្នកមានអាយុវែង មានយសសក្តិ ក្នុងទីនោះៗ។
ID: 636853804505221265
ទៅកាន់ទំព័រ៖