ព្រះត្រៃបិដក ភាគ ៤៤
ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនងាយនឹងកំណត់ នូវប្រមាណនៃទឹកក្នុង មហាសមុទ្រថា ទឹកប៉ុណ្ណេះ អឡ្ហកក្តី ទឹកប៉ុណ្ណេះរយអាឡ្ហកក្តី ទឹកប៉ុណ្ណេះពាន់អាឡ្ហកក្តី ទឹកប៉ុណ្ណេះសែនអាឡ្ហកក្តី ដូច្នេះបានឡើយ ត្រឹមតែរាប់បានថា គំនរទឹកដ៏ធំប៉ុណ្ណោះ នឹងគប្បីរាប់មិនបាន ប្រមាណមិនកើត មានឧបមាយ៉ាណា ម្នាលភិក្ខុទាំងឡាយ អរិយសាវក ដែលបរិបូណ៌ ដោយគំនរបុណ្យ គំនរកុសល ទាំង៥នេះហើយ បុគ្គលមិនងាយនឹងកំណត់ប្រមាណបុណ្យថា គំនរបុណ្យ គំនរកុសល ប្រមូលមកនូវសុខ ឲ្យនូវអារម្មណ៍ដ៏ល្អ មានសុខជាវិបាក នាំឲ្យកើតក្នុងស្ថានសួគ៌ ប្រព្រឹត្តទៅ ដើម្បីសេចក្តីប្រាថ្នា ត្រេកអរ គាប់ចិត្ត ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ប៉ុណ្ណេះបានឡើយ ត្រឹមតែរាប់ថា គំនរបុណ្យដ៏ធំប៉ុណ្ណោះ នឹងគប្បីរាប់មិនបាន ប្រមាណមិនកើត ក៏មានឧបមេយ្យ យ៉ាងនោះដែរ។
ID: 636853805024810984
ទៅកាន់ទំព័រ៖