ព្រះត្រៃបិដក ភាគ ៤៤
ម្នាលភិក្ខុទាំងឡាយ ទើបស្រីមេដោះ ក៏មិនសូវគយគន់មើល ចំពោះកុមារនោះទេ ដោយនឹកសង្ឃឹមថា ឥឡូវនេះ កុមារចេះរក្សាខ្លួន លែងមានសេចក្តីប្រហែសធ្វេសហើយ សេចក្តីនេះ មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យដូចភិក្ខុ មិនធ្វើដោយសទ្ធា ក្នុងកុសលធម៌ មិនធ្វើដោយហិរិ ក្នុងកុសលធម៌ មិនធ្វើដោយឱត្តប្បៈ ក្នុងកុសលធម៌ មិនធ្វើដោយវីរិយៈ ក្នុងកុសលធម៌ មិនធ្វើដោយបញ្ញា ក្នុងកុសលធម៌ ដរាបណា ម្នាលភិក្ខុទាំងឡាយ តថាគតត្រូវតែតាមថែរក្សាភិក្ខុនោះ ដរាបនោះដែរ។ ម្នាលភិក្ខុទាំងឡាយ លុះកាលណា ភិក្ខុធ្វើដោយសទ្ធា ក្នុងកុសលធម៌ ធ្វើដោយហិរិ ក្នុងកុសលធម៌ ធ្វើដោយឱត្តប្បៈ ក្នុងកុសលធម៌ ធ្វើដោយបញ្ញា ក្នុងកុសលធម៌ហើយ ម្នាលភិក្ខុទាំងឡាយ ទើបតថាគត ក៏មិនសូវគយគន់មើល ចំពោះភិក្ខុនោះទេ ដោយនឹកសង្ឃឹមថា ឥឡូវនេះ ភិក្ខុនេះ ចេះរក្សាខ្លួន លែងមានសេចក្តីប្រហែសធ្វេសហើយ។
ID: 636853784860797669
ទៅកាន់ទំព័រ៖