ព្រះត្រៃបិដក ភាគ ៤៤
[៤៨] ម្នាលភិក្ខុទាំងឡាយ អលព្ភនីយដ្ឋាន ៥ យ៉ាង (ហេតុដែលមិនគប្បីបាន) ដែលសមណព្រាហ្មណ៍ ទេវតា មារ ព្រហ្ម ឬបុគ្គលណាមួយ ក្នុងលោក (បានតាមប្រាថ្នា)។ ៥ យ៉ាង តើដូចម្តេចខ្លះ។ គឺសមណព្រាហ្មណ៍ ទេវតា មារ ព្រហ្ម ឬបុគ្គលណាមួយ ក្នុងលោក មិនគប្បីបាន (តាមប្រាថ្នា) ថា របស់ដែលមានជរា ជាធម្មតា កុំជរាឡើយ ១ របស់ដែលមានព្យាធិ ជាធម្មតា កុំឈឺចាប់ឡើយ… ១ របស់ដែលមានមរណៈ ជាធម្មតា កុំស្លាប់ឡើយ… ១ របស់ដែលមានការអស់ទៅ ជាធម្មតា កុំអស់ទៅឡើយ… ១ ហេតុដែលសមណព្រាហ្មណ៍ ទេវតា មារ ព្រហ្ម ឬបុគ្គលណាមួយ ក្នុងលោក មិនគប្បីបានតាមប្រាថ្នាថា របស់ដែលមានសេចក្តីវិនាស ជាធម្មតា កុំវិនាសឡើយ ១។ ម្នាលភិក្ខុទាំងឡាយ ជរាធម៌ របស់បុថុជ្ជន អ្នកមិនបានស្តាប់ រមែងគ្រាំគ្រា បុថុជ្ជននោះ មិនបានពិចារណា ក្នុងជរាធម៌ ដែលគ្រាំគ្រាហើយថា មិនគ្រាំគ្រា ចំពោះលើតែអាត្មាអញម្នាក់ឯងទេ ដោយពិតនោះ ដំណើរមក ដំណើរទៅ ការច្យុតិ ការកើតឡើង របស់សត្វទាំងឡាយ ត្រឹមណា ជរាធម៌ របស់សត្វទាំងអស់ រមែងគ្រាំគ្រាត្រឹមនោះដែរ កាលបើជរាធម៌គ្រាំគ្រាហើយ អាត្មាអញ ត្រូវតែសោកសង្រេង លំបាក ខ្សឹកខ្សួល គក់ទ្រូង កន្ទក់កន្ទេញ ដល់នូវសេចក្តីវង្វេងភ្លេច អាត្មាអញ មិនគប្បីឃ្លានភត្តផង សម្បុរអាក្រក់ គប្បីធ្លាក់ចុះ ក្នុងកាយផង ការងារក៏ប្រព្រឹត្តទៅមិនបានផង ពួកជនជាសត្រូវ ក៏មានចិត្តរីករាយផង ពួកមិត្រសំឡាញ់តូចចិត្តផង។ កាលបើជរាធម៌គ្រាំគ្រាហើយ បុថុជ្ជននោះ ក៏សោកសង្រេង
ID: 636853805875219625
ទៅកាន់ទំព័រ៖