ព្រះត្រៃបិដក ភាគ ៤៤
ព្រះនារទៈដ៏មានអាយុនោះ មានកិត្តិស័ព្ទដ៏ពីរោះ ខ្ចរខ្ចាយទៅយ៉ាងនេះថា ជាបណ្ឌិត វាងវៃ ជាអ្នកប្រាជ្ញ បានស្តាប់ច្រើន មានវាចាដ៏វិចិត្រ មានបដិភាណល្អ មានវ័យចំរើនផង ជាព្រះអរហន្តផង បើដូច្នោះ គួរតែព្រះរាជាមុណ្ឌៈ ចូលទៅរកព្រះនារទៈ ដ៏មានអាយុ ធ្វើដូចម្តេចហ៎្ន ឲ្យព្រះរាជាមុណ្ឌៈ ទ្រង់ព្រះសណ្តាប់ធម៌ ព្រះនារទៈដ៏មានអាយុហើយ លះបង់នូវសរ គឺសោកចេញបាន។ លំដាប់នោះ សោការក្ខាមាត្យ ជាទីគាប់ព្រះទ័យ ក៏ចូលទៅគាល់ព្រះរាជាមុណ្ឌៈ លុះចូលទៅដល់ហើយ ក៏ក្រាបទូលព្រះរាជាមុណ្ឌៈ យ៉ាងនេះថា បពិត្រព្រះសម្មតិទេព ព្រះនារទៈដ៏មានអាយុនេះ គង់នៅក្នុងកុក្កុដារាម ទៀបក្រុងបាតលិបុត្ត ព្រះនារទៈដ៏មានអាយុនោះ មានកិត្តិស័ព្ទដ៏ពីរោះ ខ្ចរខ្ចាយទៅ យ៉ាងនេះថា ជាបណ្ឌិត វាងវៃ ជាអ្នកប្រាជ្ញ បានស្តាប់ច្រើន មានវាចាដ៏វិចិត្រ មានបដិភាណល្អ ហើយមានវ័យចំរើនផង ជាព្រះអរហន្តផង បើព្រះសម្មតិទេព ចូលទៅរកព្រះនារទៈដ៏មានអាយុ ធ្វើដូចម្តេចហ៎្ន ឲ្យព្រះសម្មតិទេព ទ្រង់ព្រះសណ្តាប់ធម៌ ព្រះនារទៈដ៏មានអាយុ ហើយលះបង់នូវសរ គឺសោកបាន។ ម្នាលសំឡាញ់ ជាទីស្រឡាញ់ បើដូច្នោះ អ្នកចូរទៅផ្តៀងព្រះនារទៈដ៏មានអាយុចុះ។
ID: 636853807667382131
ទៅកាន់ទំព័រ៖