ព្រះត្រៃបិដក ភាគ ៤៤
ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មោឃបុរសនោះ ដឹងដែរ ឬមិនដឹងទេថា មាតារមែងត្រេកអរក្នុងបុត្រ ឬថាបុត្រ ក៏រមែងត្រេកអរក្នុងមាតា។ ម្នាលភិក្ខុទាំងឡាយ តថាគតពិចារណារកមិនឃើញ នូវរូបដទៃ សូម្បីតែរូបមួយ ដែលជាទីតាំងនៃតម្រេក យ៉ាងនេះ ជាទីតាំងនៃសេចក្តីប្រាថ្នា យ៉ាងនេះ ជាទីតាំង នៃសេចក្តីស្រវឹង យ៉ាងនេះ ជាទីតាំង នៃចំណង់យ៉ាងនេះ ជាទីតាំង នៃសេចក្តីជ្រប់នៅ យ៉ាងនេះ នឹងធ្វើឲ្យអន្តរាយ ដល់ការបានសេចក្តីក្សេមចាកយោគៈដ៏ប្រសើរលើស យ៉ាងនេះ ដូចជារូបស្រីនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ សត្វត្រេកអរ ជាប់ជំពាក់ សញ្ជប់ជ្រប់ ស៊ប់នៅក្នុងរូបស្រីហើយ សត្វពួកនោះ ឈ្មោះថា លុះក្នុងអំណាចនៃរូបស្រី រមែងសោកស្តាយអស់កាលយូរអង្វែង។ ម្នាលភិក្ខុទាំងឡាយ តថាគតពិចារណា មិនឃើញនូវសំឡេងដទៃ សូម្បីតែសំឡេងមួយ… នូវក្លិនដទៃ សូម្បីតែក្លិនមួយ… នូវរស់ដទៃ សូម្បីតែរសមួយ… នូវផ្សព្វដទៃ សូម្បីតែផ្សព្វមួយ ដែលជាទីតាំង នៃតម្រេក យ៉ាងនេះ ជាទីតាំង នៃសេចក្តីប្រាថ្នា យ៉ាងនេះ ជាទីតាំង នៃសេចក្តីស្រវឹង យ៉ាងនេះ ជាទីតាំង នៃចំណង់ យ៉ាងនេះ ជាទីតាំង នៃសេចក្តីជ្រប់នៅ យ៉ាងនេះ នឹងធ្វើឲ្យអន្តរាយ ដល់ការបានសេចក្តីក្សេម ចាកយោគៈ ដ៏ប្រសើរលើស យ៉ាងនេះ ដូចជាផ្សព្វ នៃស្រីនេះទេ។
ID: 636853812319518218
ទៅកាន់ទំព័រ៖