ព្រះត្រៃបិដក ភាគ ៤៤
ម្នាលភិក្ខុទាំងឡាយ សត្វត្រេកអរ ជាប់ចំពាក់ សញ្ជប់ជ្រប់ស៊ប់ នៅក្នុងផ្សព្វនៃស្រីហើយ សត្វពួកនោះ ឈ្មោះថា លុះក្នុងអំណាច នៃផ្សព្វស្រី រមែងសោកស្តាយ អស់កាលជាយូរអង្វែង។ ម្នាលភិក្ខុទាំងឡាយ ស្រីទោះកំពុងដើរក្តី ក៏រមែងគ្របសង្កត់ចិត្តបុរសបាន ទោះឈរក្តី អង្គុយក្តី ដេកក្តី ក្រាបចុះក្តី ការនិយាយក្តី ច្រៀងក្តី យំក្តី ហើមប៉ោងក្តី ស្លាប់ក្តី ក៏រមែងគ្របសង្កត់នូវចិត្ត នៃបុរសបាន។ ម្នាលភិក្ខុទាំងឡាយ តាមពិតថា បុគ្គល កាលបើហៅមាតុគ្រាមនោះ ឲ្យត្រូវ គួរហៅថា ជាអន្ទាក់ (សម្រាប់ទាក់) ដោយជុំវិញ របស់មារដូច្នេះ បុគ្គល កាលបើហៅមាតុគ្រាមឲ្យត្រូវ គួរហៅថា ជាអន្ទាក់ដោយជុំវិញ របស់មារដូច្នេះ។
បុគ្គលចរចាជាមួយនឹងជន ដែលមានដាវក្នុងដៃក្តី ចរចាជាមួយនឹងបិសាចក្តី ប៉ះពាល់នឹងអាសិរពិស ហើយត្រូវអាសិរពិសចឹកស្លាប់ក្តី (ប្រសើរជាង) មិនគួរចរចា ជាមួយនឹងមាតុគ្រាម តែមួយនឹងមួយឡើយ។ ពួកមាតុគ្រាមនោះ រមែងចងបុរសដែលភ្លេចស្មារតី ដោយការសំឡឹងមើលផង ដោយកិរិយាញញឹមផង មួយយ៉ាងទៀត ដោយការស្លៀកមិនស្រួលផង ដោយសំដីដ៏ពីរោះផង
ID: 636853812561102035
ទៅកាន់ទំព័រ៖