ព្រះត្រៃបិដក ភាគ ៤៤
ហើយបានដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញបានប្រព្រឹត្តចប់ហើយ សោឡសកិច្ច អាត្មាអញបានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បណ្តាព្រះអរហន្តទាំងឡាយ ភិក្ខុនោះ ក៏ជាព្រះអរហន្តមួយអង្គដែរ។ លុះភិក្ខុនោះ បានសម្រេចអរហត្តហើយ ក៏ចូលទៅរកឧបជ្ឈាយ៍របស់ខ្លួន លុះចូលទៅដល់ហើយ ក៏បាននិយាយនឹងឧបជ្ឈាយ៍របស់ខ្លួន យ៉ាងនេះថា បពិត្រព្រះថេរៈដ៏ចំរើន ឥឡូវនេះ កាយរបស់ខ្ញុំលែងធ្ងន់ហើយ ទិសទាំងឡាយ ក៏ប្រាកដដល់ខ្ញុំ ធម៌ទាំងឡាយ ក៏ជាក់ច្បាស់ដល់ខ្ញុំ ថីនមិទ្ធៈ ក៏លែងគ្របសង្កត់ចិត្តរបស់ខ្ញុំ ខ្ញុំប្រព្រឹត្តព្រហ្មចរិយៈ ដោយសេចក្តីត្រេកអរ សេចក្តីសង្ស័យ ក្នុងធម៌ទាំងឡាយ ក៏មិនមានដល់ខ្ញុំឡើយ។ លំដាប់នោះឯង ភិក្ខុនោះ បាននាំភិក្ខុជាសទ្ធិវិហារិកនោះ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុនេះ បាននិយាយយ៉ាងនេះថា បពិត្រព្រះថេរៈដ៏ចំរើន ឥឡូវនេះ កាយរបស់ខ្ញុំលែងធ្ងន់ហើយ ទិសទាំងឡាយ ក៏ប្រាកដដល់ខ្ញុំ ធម៌ទាំងឡាយ ក៏ជាក់ច្បាស់ ដល់ខ្ញុំ
ID: 636853813317115277
ទៅកាន់ទំព័រ៖