ព្រះត្រៃបិដក ភាគ ៤៤
[៥៧] ម្នាលភិក្ខុទាំងឡាយ ស្ថាន ៥ យ៉ាងនេះ ស្រ្តីក្តី បុរសក្តី គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណារឿយៗ។ ស្ថាន ៥ យ៉ាង តើដូចម្តេច។ ស្រ្តីក្តី បុរសក្តី គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណារឿយៗ ថា អាត្មាអញ មានជរាជាធម្មតា មិនកន្លងជរាទៅបានឡើយ១។ ស្រ្តីក្តី បុរសក្តី គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណារឿយៗ ថា អាត្មាអញ មានព្យាធិ ជាធម្មតា មិនកន្លងព្យាធិទៅបានឡើយ ១។ ស្រ្តីក្តី បុរសក្តី គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណារឿយៗថា អាត្មាអញ មានសេចក្តីស្លាប់ ជាធម្មតា មិនកន្លងសេចក្តីស្លាប់ទៅបានឡើយ ១។ ស្រ្តីក្តី បុរសក្តី គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណារឿយៗ ថា អាត្មាអញ តែងមានសេចក្តីព្រាត់ប្រាស និរាសចាកសត្វ និងសង្ខារ ជាទីស្រឡាញ់ ជាទីគាប់ចិត្តទាំងពួង ១។ ស្រ្តីក្តី បុរសក្តី គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណារឿយៗថា អាត្មាអញ មានកម្មជារបស់ខ្លួន មានកម្មជាមត៌ក មានកម្មជាកំណើត មានកម្មជាផៅពង្ស មានកម្មជាទីរលឹក អាត្មាអញ នឹងធ្វើនូវកម្មណា ទោះល្អក្តី អាក្រក់ក្តី នឹងជាអ្នកទទួលនូវផលនៃកម្មនោះ ១។
ID: 636853813672785620
ទៅកាន់ទំព័រ៖