ព្រះត្រៃបិដក ភាគ ៤៤
ម្នាលភិក្ខុទាំងឡាយ ចុះស្រ្តីក្តី បុរសក្តី គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណារឿយៗថា អាត្មាអញ មានជរា ជាធម្មតា មិនកន្លងជរាទៅបាន តើព្រោះអាស្រ័យអំណាចប្រយោជន៍ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វតែងមានសេចក្តីស្រវឹង ក្នុងវ័យដ៏ចំរើន ដែលជាហេតុនាំឲ្យពួកសត្វ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត។ កាលបើបុគ្គលនោះ ពិចារណាស្ថាននោះ រឿយៗហើយ ក៏លះបង់យោព្វនមទៈ (សេចក្តីស្រវឹង ក្នុងវ័យដ៏ចំរើន) ដោយសព្វគ្រប់ ឬពុំនោះសោត ក៏គង់ស្រាលស្តើងទៅបាន។ ម្នាលភិក្ខុទាំងឡាយ ស្រ្តីក្តី បុរសក្តី គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណារឿយៗថា អាត្មាអញ មានជរា ជាធម្មតា មិនកន្លងជរាទៅបាន ព្រោះអាស្រ័យអំណាចប្រយោជន៍នេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះស្រ្តីក្តី បុរសក្តី គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណារឿយៗថា អាត្មាអញ មានព្យាធិ ជាធម្មតា មិនកន្លងព្យាធិទៅបាន តើព្រោះអាស្រ័យអំណាចប្រយោជន៍ ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វតែងមានសេចក្តីស្រវឹង ក្នុងភាពនៃខ្លួនជាមិនមានរោគ ដែលជាហេតុនាំឲ្យពួកសត្វ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត។
ID: 636853813834004841
ទៅកាន់ទំព័រ៖