ព្រះត្រៃបិដក ភាគ ៤៤
ពួកសត្វទាំងអស់ ក៏មានកម្មជារបស់ខ្លួន មានកម្មជាមត៌ក មានកម្មជាកំណើត មានកម្មជាផៅពង្ស មានកម្មជាទីរលឹក ពួកសត្វនឹងធ្វើកម្មណា ទោះល្អក្តី អាក្រក់ក្តី នឹងជាអ្នកទទួលយក នូវផលនៃកម្មនោះដែរ កាលបើអរិយសាវកនោះ ពិចារណានូវស្ថាននោះរឿយ ៗ ហើយ លោកុត្តរមគ្គ ក៏កើតឡើងព្រម។ អរិយសាវកនោះ រមែងសេព ចំរើន ធ្វើរឿយ ៗ នូវលោកុត្តរមគ្គនោះ។ កាលបើអរិយសាវកនោះ សេព ចំរើន ធ្វើរឿយ ៗ នូវលោកុត្តរមគ្គនោះហើយ សញ្ញោជនៈទាំងឡាយ ក៏រមែងសាបសូន្យទៅ អនុសយក្កិលេសទាំងឡាយ ក៏វិនាសទៅ។
ធម៌ទាំងឡាយ គឺព្យាធិធម៌ ជរាធម៌ និងមរណធម៌ មាននៅយ៉ាងណា ពួកបុថុជ្ជន ជាសប្បុរស រមែងស្អប់ខ្ពើមយ៉ាងនោះ។ កាលបើពួកសត្វ មានសភាវៈយ៉ាងនេះហើយ តថាគត ក៏គួរធុញទ្រាន់ នឹងសភាវៈនុ៎ះដែរ ហេតុនុ៎ះ មិនមានដល់តថាគត មានសភាពដ៏សមគួរ មានវិហារធម៌យ៉ាងនេះ។ តថាគតនោះ កាលបើនៅយ៉ាងនេះ ក៏ដឹងនូវធម៌ ដែលប្រាសចាកឧបធិ បានឃើញបព្វជ្ជា ថាជាការក្សេម គ្របសង្កត់ នូវសេចក្តីស្រវឹងទាំងពួង គឺស្រវឹងក្នុងភាវៈ នៃខ្លួនជាបុគ្គលមិនមានរោគ ក្នុងវ័យ ក្នុងជីវិតបាន។
ID: 636853814897155650
ទៅកាន់ទំព័រ៖