ព្រះត្រៃបិដក ភាគ ៤៤
ផ្គងអញ្ជលី ចូលទៅអង្គុយជិត ព្រះដ៏មានព្រះភាគ។ សម័យនោះ មហានាមលិច្ឆវី ដើរសញ្ចរទៅមក សម្រួលស្មង ក្នុងមហាវន បានឃើញពួកលិច្ឆវីកុមារទាំងនោះ កំពុងមានភាពស្ងប់ស្ងៀម ផ្គងអញ្ជលី ចូលទៅអង្គុយជិតព្រះដ៏មានព្រះភាគ លុះបានឃើញហើយ ក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះស្តេចមហានាមលិច្ឆវី អង្គុយក្នុងទីសមគួរហើយ ក៏បន្លឺឡើងនូវឧទានថា ពួកស្តេចវជ្ជីនឹងចំរើន ពួកស្តេចវជ្ជីនឹងចំរើន។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សួរថា ម្នាលមហានាម ថ្វីក៏បានជានិយាយថា ពួកស្តេចវជ្ជីនឹងចំរើន ពួកស្តេចវជ្ជីនឹងចំរើន យ៉ាងនេះ។ សេ្តចមហានាមលិច្ឆវី ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ពួកលិច្ឆវីកុមារទាំងនេះ ធ្លាប់តែកាចអាក្រក់ រឹងរូស (ពេកណាស់) ជំនូនទាំងឡាយណា ទោះជាអំពៅក្តី ផ្លែពទ្រាក្តី នំក្តី ត្រប៉ែក្តី ទ្រាបល្ងក្តី ដែលគេបញ្ជូនទៅ ចំពោះត្រកូលទាំងឡាយ ក៏ចេះតែប្លន់ដណ្តើម យកស៊ីនូវជំនូនទាំងនោះ (មិនតែប៉ុណ្ណោះ ថែមទាំងទៅ) ពីខាងក្រោយ ធាក់ខ្នងពួកស្រី ក្នុងត្រកូលខ្លះ និងពួកកុមារី ក្នុងត្រកូលខ្លះ ឥឡូវនេះ ពួកលិច្ឆវិកុមារទាំងនោះ (បែរជា) មានសភាពស្ងប់ស្ងៀម ផ្គងអញ្ជលី ចូលមកអង្គុយជិតព្រះដ៏មានព្រះភាគវិញ។ ព្រះដ៏មានព្រះភាគ ត្រាស់ថា
ID: 636853815353931776
ទៅកាន់ទំព័រ៖