ព្រះត្រៃបិដក ភាគ ៤៤
ម្នាលមហានាម មួយទៀត កុលបុត្តធ្វើសក្ការៈ ធ្វើគោរព រាប់អាន បូជានូវកូន ប្រពន្ធ និងបុរសជាទាសៈ និងកម្មករទាំងឡាយ ដោយភោគៈ ដែលបានមកដោយការសង្វាត ប្រឹងប្រែង ដែលសន្សំមក ដោយកម្លាំងដៃ បែកញើស ហូរញើស ប្រកបដោយធម៌ បានមកដោយធម៌ ១។ កូនប្រពន្ធ និងបុរសជាទាសៈ និងកម្មករទាំងឡាយ ដែលកុលបុត្តបានធ្វើសក្ការៈ ធ្វើគោរព រាប់អាន បូជាហើយ រមែងអនុគ្រោះកុលបុត្តនោះ ដោយចិត្តដ៏ល្អថា ចូរអ្នករស់នៅ អស់កាលយូរ ចូររក្សាអាយុឲ្យបានវែង។ ម្នាលមហានាម កាលបើកុលបុត្ត ដែលកូនប្រពន្ធ និងបុរសជាទាសៈ និងកម្មករទាំងឡាយ អនុគ្រោះហើយ សេចក្តីចំរើន មានប្រាកដ មិនបានសាបសូន្យឡើយ។ ម្នាលមហានាម មួយទៀត កុលបុត្តធ្វើសក្ការៈ ធ្វើគោរព រាប់អាន បូជានូវពួកជនជិតខាងស្រែ និងការងាររបស់ខ្លួន និងជន អ្នកវាស់ទីដី ដោយភោគៈទាំងឡាយ ដែលបានដោយការសង្វាត ប្រឹងប្រែង ដែលសន្សំទុក ដោយកម្លាំងដៃ បែកញើស ហូរញើស ប្រកបដោយធម៌ បានមកដោយធម៌១។ ពួកជនជិតខាងស្រែ និងការងារ និងជនអ្នកវាស់ទីដី ដែលកុលបុត្តបានធ្វើសក្ការៈ ធ្វើគោរព រាប់អាន បូជាហើយ រមែងអនុគ្រោះកុលបុត្តនោះ ដោយចិត្តដ៏ល្អថា អ្នកចូររស់នៅ អស់កាលយូរ ចូររក្សាអាយុឲ្យបានវែង។
ID: 636853815728253186
ទៅកាន់ទំព័រ៖