ព្រះត្រៃបិដក ភាគ ៤៤
បុគ្គលណា ចំរើនដោយសទ្ធា ដោយសីល ដោយសុតៈ ដោយចាគៈ ដោយបញ្ញា បុគ្គលប្រាកដដូច្នោះនោះ ឈ្មោះថា ជាសប្បុរស មានប្រាជ្ញាជាគ្រឿងពិចារណា រមែងកាន់យក នូវប្រយោជន៍ទាំងពីរ គឺប្រយោជន៍មានខ្លឹម និងប្រយោជន៍ដ៏ឧត្តម ដល់ខ្លួនក្នុងលោកនេះបាន។
[៦៤] ម្នាលភិក្ខុទាំងឡាយ អរិយសាវិកា កាលចំរើនដោយសេចក្តីចំរើន ៥ យ៉ាង ឈ្មោះថា ចំរើនដោយសេចក្តីចំរើនដ៏ប្រសើរ ទាំងឈ្មោះថា កាន់យកនូវប្រយោជន៍មានខ្លឹម ព្រមទាំងកាន់យក នូវប្រយោជន៍ដ៏ឧត្តម ដល់រាងកាយ។ អរិយសាវិកា ចំរើនដោយសេចក្តីចំរើន ៥ យ៉ាង តើដូចម្តេច។ គឺ ចំរើនដោយសទ្ធា ១ ចំរើនដោយសីល ១ ចំរើនដោយសុតៈ ១ ចំរើនដោយចាគៈ ១ ចំរើនដោយបញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ អរិយសាវិកា ចំរើនដោយសេចក្តីចំរើន ៥ យ៉ាងនេះឯង ឈ្មោះថា ចំរើនដោយសេចក្តីចំរើនដ៏ប្រសើរ ទាំងឈ្មោះថា កាន់យកនូវប្រយោជន៍មានខ្លឹម ព្រមទាំងកាន់យក នូវប្រយោជន៍ដ៏ឧត្តម ដល់រាងកាយ។
ID: 636853817557397807
ទៅកាន់ទំព័រ៖