ព្រះត្រៃបិដក ភាគ ៤៤
បើតថាគតនោះ ប្រាថ្នាថា សូមឲ្យតថាគត បាននូវការតាក់តែងប្ញទ្ធិជាច្រើនប្រការ។បេ។ ញ៉ាំងអំណាចឲ្យប្រព្រឹត្តទៅដោយកាយ ដរាបដល់ព្រហ្មលោក កាលបើហេតុមាន តថាគត ក៏បានដល់នូវភាវៈជាបន្ទាល់ ក្នុងការតាក់តែងប្ញទ្ធិនោះ ៗ។ បើតថាគតនោះ ប្រាថ្នាថា។បេ។ សូមឲ្យតថាគត បានធ្វើឲ្យជាក់ច្បាស់ បានដល់ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ កាលបើហេតុមាន តថាគត ក៏បានដល់នូវភាវៈជាបន្ទាល់ ក្នុងការបានសម្រេចនូវគុណវិសេសនោះ ៗ។
[៦៩] ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះ ដែលភិក្ខុបានចំរើន បានធ្វើឲ្យរឿយ ៗ ហើយ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីសេចក្តីរលត់ដោយមិនសល់ ដើម្បីរម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។ ធម៌ ៥ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកឃើញរឿយ ៗ ថា មិនស្អាតក្នុងកាយ ១ សំគាល់ថា គួរខ្ពើមក្នុងអាហារ ១ សំគាល់ថា មិនគួរត្រេកត្រអាល ក្នុងលោកទាំងពួង ១ ឃើញរឿយ ៗ ថា មិនទៀងក្នុងសង្ខារទាំងពួង ១ ទាំងមរណសញ្ញា ក៏ប្រាកដឡើង ខាងក្នុងចិត្តរបស់ភិក្ខុនោះ ដោយប្រពៃ ១។
ID: 636853818790408331
ទៅកាន់ទំព័រ៖