ព្រះត្រៃបិដក ភាគ ៤៤
ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានលះបង់តណ្ហាចោលចេញអស់ហើយ បានគាស់រំលើងប្ញសគល់អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត បានធ្វើមិនឲ្យមានបែបភាព ជាសភាវៈមិនកើតឡើងតទៅទៀត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជា អ្នកដកឡើងនូវសសរ គឺតណ្ហា យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកបើក នូវសន្ទះទ្វារ គឺនីវរណៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានលះបង់ នូវសំយោជនៈ ដែលជាចំណែកខាងក្រោម ៥ ចោលចេញហើយ បានគាស់រំលើងប្ញសគល់អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត បានធ្វើមិនឲ្យមានបែបភាព ជាសភាវៈមិនកើតឡើងតទៅទៀត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកបើក នូវសន្ទះទ្វារ គឺនីវរណៈ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកប្រាសចាកសត្រូវ ដាក់ចុះនូវទង់ គឺមានះ ទំលាក់ចោលនូវភារៈ ប្រាសចាកវដ្តៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានលះបង់ នូវអស្មិមានះចោលចេញអស់ហើយ បានគាស់រំលើងប្ញសគល់អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត បានធ្វើមិនឲ្យមានបែបភាព ជាសភាវៈមិនកើតឡើងតទៅទៀត។
ID: 636853825463490010
ទៅកាន់ទំព័រ៖