ព្រះត្រៃបិដក ភាគ ៤៤
ថា បើកនូវសន្ទះទ្វារ គឺនីវរណៈ ដូច្នេះខ្លះ ថា ប្រាសចាកសត្រូវ ដាក់ចុះនូវទង់ គឺមានះ ទំលាក់នូវភារៈ ប្រាសចាកវដ្តៈ ដូច្នេះខ្លះ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកលើកឡើងនូវជើងគុល គឺអវិជ្ជា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានលះបង់ នូវអវិជ្ជាចោលចេញហើយ បានគាស់រំលើងប្ញសគល់អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត បានធ្វើមិនឲ្យមានបែបភាព ជាសភាវៈមិនកើតឡើងតទៅទៀត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកលើកឡើងនូវជើងគុល គឺអវិជ្ជា យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកបំផ្លេចបំផ្លាញនូវគូ គឺសង្សារវដ្ត តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានលះបង់នូវជាតិ និងសង្សារ ដែលសម្រាប់តាក់តែង នូវភពថ្មីទៀតចោលចេញហើយ បានគាល់រំលើងប្ញសគល់អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត បានធ្វើមិនឲ្យមានបែបភាព ជាសភាវៈមិនកើតឡើងតទៅទៀត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកបំផ្លេចបំផ្លាញនូវគូ គឺសង្សារវដ្ត យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកដកឡើង នូវសសរ គឺតណ្ហា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានលះបង់តណ្ហាចោលចេញហើយ បានគាស់រំលើងប្ញសគល់អស់ហើយ
ID: 636853825970389003
ទៅកាន់ទំព័រ៖