ព្រះត្រៃបិដក ភាគ ៤៤
[៧៣] គ្រានោះ ភិក្ខុមួយរូប ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុនោះ អង្គុយក្នុងទីសមគួរហើយ ទើបក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន គេតែងនិយាយថា ភិក្ខុមានប្រក្រតីនៅដោយធម៌ ភិក្ខុមានប្រក្រតីនៅដោយធម៌ ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន ចុះភិក្ខុមានប្រក្រតីនៅដោយធម៌ ដោយហេតុប៉ុន្មានយ៉ាង។ ព្រះដ៏មានព្រះភាគត្រាស់ថា ម្នាលភិក្ខុ ភិក្ខុក្នុងសាសនានេះ រៀននូវធម៌ គឺ សុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភុតធម្មៈ វេទល្លៈ។ ភិក្ខុនោះ ញ៉ាំងថ្ងៃឲ្យកន្លងទៅ ដោយការរៀននូវធម៌នោះ លះបង់នូវការសម្ងំនៅក្នុងទីស្ងាត់ មិនបានប្រកបរឿយ ៗ នូវធម៌ជាគ្រឿងរម្ងាប់ចិត្តខាងក្នុង។ ភិក្ខុនេះ ហៅថា ជាអ្នកច្រើនដោយបរិយត្តិធម៌ មិនហៅថា ជាអ្នកមានប្រក្រតីនៅដោយធម៌ទេ។ មួយទៀត ភិក្ខុសំដែងធម៌ តាមទំនងដែលខ្លួនបានចេះដឹងមក តាមទំនងដែលខ្លួនបានរៀនមក ដល់បុគ្គលទាំងឡាយដទៃ ដោយសេចក្តីពិស្តារ ភិក្ខុនោះ ញ៉ាំងថ្ងៃឲ្យកន្លងទៅ ដោយការបញ្ញត្តិនូវធម៌នោះ លះបង់នូវការសម្ងំនៅក្នុងទីស្ងាត់ មិនបានប្រកបរឿយ ៗ នូវធម៌ជាគ្រឿងរម្ងាប់ចិត្តខាងក្នុង។
ID: 636853826377732301
ទៅកាន់ទំព័រ៖