ព្រះត្រៃបិដក ភាគ ៤៤
ភិក្ខុនេះ ហៅថា ជាអ្នកច្រើនដោយបញ្ញត្តិ មិនហៅថា ជាអ្នកនៅដោយធម៌ទេ។ មួយទៀត ភិក្ខុធ្វើនូវការស្វាធ្យាយនូវធម៌ តាមទំនងដែលខ្លួនបានចេះដឹងមក តាមទំនងដែលខ្លួនបានរៀនមក ដោយសេចក្តីពិស្តារ។ ភិក្ខុនោះ ញ៉ាំងថ្ងៃឲ្យកន្លងទៅ ដោយការស្វាធ្យាយនោះ លះបង់នូវការសម្ងំនៅក្នុងទីស្ងាត់ មិនបានប្រកបរឿយៗ នូវធម៌ជាគ្រឿងរម្ងាប់ចិត្តខាងក្នុង។ ភិក្ខុនេះ ហៅថា ជាអ្នកច្រើនដោយការស្វាធ្យាយ មិនហៅថា ជាអ្នកនៅដោយធម៌ ទេ។ មួយទៀត ភិក្ខុត្រិះរិះពិចារណាដោយចិត្ត ជញ្ជឹងដោយចិត្ត ចំពោះធម៌តាមទំនង ដែលខ្លួនបានចេះដឹងមក តាមទំនងដែលខ្លួនបានរៀនមក។ ភិក្ខុនោះ ញ៉ាំងថ្ងៃឲ្យកន្លងទៅ ដោយការត្រិះរិះ នូវធម៌ទាំងនោះ លះបង់នូវការសម្ងំនៅក្នុងទីស្ងាត់ មិនបានប្រកបរឿយ ៗ នូវធម៌ជាគ្រឿងរម្ងាប់ចិត្តខាងក្នុង។ ភិក្ខុនេះ ហៅថា ជាអ្នកច្រើនដោយសេចក្តីត្រិះរិះ នូវធម៌ មិនហៅថា ជាអ្នកនៅដោយធម៌ទេ។ ភិក្ខុក្នុងសាសនានេះ រៀននូវធម៌ គឺសុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភុតធម្មៈ វេទល្លៈ។ ភិក្ខុនោះ មិនបានញ៉ាំងថ្ងៃឲ្យកន្លងទៅ ដោយការរៀននូវធម៌នោះ មិនលះបង់នូវការសម្ងំនៅក្នុងទីស្ងាត់ ប្រកបរឿយ ៗ នូវធម៌ជាគ្រឿងរម្ងាប់ចិត្តខាងក្នុង។
ID: 636853826555852489
ទៅកាន់ទំព័រ៖