ព្រះត្រៃបិដក ភាគ ៤៤
ភិក្ខុជាអ្នកនៅដោយធម៌ យ៉ាងនេះឯង។ ភិក្ខុជាអ្នកច្រើនដោយការរៀន តថាគតបានសំដែងហើយ អ្នកច្រើនដោយការ បញ្ញត្តិ តថាគតបានសំដែងហើយ អ្នកច្រើនដោយការស្វាធ្យាយ តថាគតបានសំដែងហើយ អ្នកច្រើនដោយការត្រិះរិះ តថាគតបានសំដែងហើយ អ្នកមានប្រក្រតីនៅដោយធម៌ តថាគតបានសំដែងហើយ ដោយប្រការដូច្នេះឯង។ ម្នាលភិក្ខុ អំពើណា ដែលសាស្តា ជាអ្នកស្វែងរកនូវប្រយោជន៍ ជាអ្នកអនុគ្រោះ អាស្រ័យនូវសេចក្តីអនុគ្រោះ គួរធ្វើដល់សាវកទាំងឡាយ អំពើនោះ តថាគត ក៏បានធ្វើហើយ ដល់អ្នកទាំងឡាយ។ ម្នាលភិក្ខុ ទីនុ៎ះ ជារុក្ខមូលសេនាសនៈ ទីនុ៎ះ ជាសុញ្ញាគារសេនាសនៈ។ អ្នកទាំងឡាយ ចូរចំរើន (នូវសមថៈ និងវិបស្សនា) អ្នកទាំងឡាយ ចូរកុំប្រមាទ អ្នកទាំងឡាយ ចូរកុំមានសេចក្តីក្តៅក្រហាយ
(១) ក្នុងកាលជាខាងក្រោយឡើយ នេះជាពាក្យប្រៀនប្រដៅ របស់តថាគត ដល់អ្នកទាំងឡាយ។
(១) កាលពីដើម ខ្លួននៅក្មេង ពុំទាន់មានរោគមកបៀតបៀន ច្រើនតែសប្បាយភ្លេចខ្លួន ដោយការស៊ីផឹក ទោះបានជួបនឹងព្រះសាស្តាជាម្ចាស់ ក៏មិនបានយកចិត្តទុកដាក់ ចូលចិត្តតែខាងដេក ទាំងយប់ទាំងថ្ងៃ ឲ្យសង្កើចខាំឥតអំពើ ច្រើនធ្វេសប្រហែស (ឥតបាននឹកនាត្រង់ការកុសលណាមួយសោះ) លុះវេលាខាងក្រោយមក ខ្លួនមានវ័យកាន់តែថយទៅៗ ចាស់ជរាគ្រាំគ្រា ទាំងរោគ ក៏មករួបរឹតរាងកាយ ទើបបាននឹកក្តៅក្រហាយស្តាយក្រោយ។ អដ្ឋកថា។
ID: 636853826794596145
ទៅកាន់ទំព័រ៖