ព្រះត្រៃបិដក ភាគ ៤៤
ម្នាលភិក្ខុទាំងឡាយ នេះជាយោធាជីវៈ ទី៥ តែងមានប្រាកដក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ យោធាជីវៈ ទាំង៥ពួកនេះឯង តែងមានប្រាកដក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឧបមា ដូចជាយោធាជីវៈនេះ មាន ៥ ពួក តែងមានប្រាកដ ក្នុងពួកភិក្ខុ ក៏យ៉ាងនោះដែរ។ បុគ្គល ៥ ពួក តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានឃើញនូវផង់ធូលី គឺលំអ របស់មាតុគ្រាម ក៏លិចចុះទៅ ក្នុងមិច្ឆាវិតក្កៈ ជច់ចិត្ត មិនរឹងប៉ឹង មិនអាចដើម្បីនឹងគ្រប់គ្រងព្រហ្មចរិយៈបានឡើយ ប្រកាសនូវភាព នៃខ្លួនមានកម្លាំងថយចាកសិក្ខា ហើយពោលលានូវសិក្ខា វិលត្រឡប់ ដើម្បីភេទថោកទាបវិញ។ អ្វីជាផង់ធូលី របស់បុគ្គលនោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឮដំណឹងថា ស្រ្តី ឬកុមារី ក្នុងស្រុក ឬនិគម ឈ្មោះឯណោះ មានរូបល្អ គួររមិលមើល គួរជ្រះថ្លា ប្រកបដោយសម្បុរល្អក្រៃពេក។ ភិក្ខុនោះ លុះឮដំណឹងនោះហើយ ក៏លិចចុះទៅ ក្នុងមិច្ឆាវិតក្កៈ ជច់ចិត្ត មិនរឹងប៉ឹង មិនអាចដើម្បីនឹងគ្រប់គ្រងព្រហ្មចរិយៈបានឡើយ ប្រកាសនូវភាព នៃខ្លួនមានកម្លាំងថយចាកសិក្ខា ហើយពោលលានូវសិក្ខា វិលត្រឡប់ ដើម្បីភេទថោកទាបវិញ។ នេះជាផង់ធូលី របស់បុគ្គលនោះ។
ID: 636853827559069870
ទៅកាន់ទំព័រ៖