ព្រះត្រៃបិដក ភាគ ៤៤
[១២] ម្នាលភិក្ខុទាំងឡាយ កម្លាំងរបស់សេក្ខបុគ្គលនេះ មាន ៥ យ៉ាង។ កម្លាំង ៥ យ៉ាង តើអ្វីខ្លះ។ គឺកម្លាំងសទ្ធា ១ កម្លាំងហិរិ ១ កម្លាំងឱត្តប្បៈ ១ កម្លាំងវីរិយៈ ១ កម្លាំងបញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ កម្លាំងរបស់សេក្ខបុគ្គលមាន ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តាកម្លាំងរបស់សេក្ខបុគ្គលទាំង ៥ នេះ កម្លាំងបញ្ញា ជាគុណជាតខ្ពង់ខ្ពស់ ជាទីប្រជុំព្រម ជាទីអបស្ទប (នៃកម្លាំងទាំងពួង) ម្នាលភិក្ខុទាំងឡាយ ដូចផ្ទះកំពូល មានកំពូលជារបស់ប្រសើរ ជាទីប្រជុំព្រម ជាទីអបស្ទប (នៃទព្វសម្ភារៈទាំងពួង) មានឧបមា ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ បណ្តាកម្លាំង របស់សេក្ខបុគ្គលទាំង ៥ យ៉ាងនេះ កម្លាំងបញ្ញា ជាគុណជាតខ្ពង់ខ្ពស់ ជាទីប្រជុំព្រម ជាទីអបស្ទប (នៃកម្លាំងទាំងពួង) ក៏មានឧបមេយ្យដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរសិក្សាយ៉ាងនេះថា យើងគួរជាអ្នកប្រកបដោយកម្លាំងសទ្ធា ដែលជាកម្លាំងរបស់សេក្ខបុគ្គល គួរជាអ្នកប្រកបដោយកម្លាំងហិរិ... កម្លាំងឱត្តប្បៈ... កម្លាំងវីរិយៈ... កម្លាំងបញ្ញា ដែលជាកម្លាំងរបស់សេក្ខបុគ្គល។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរសិក្សាយ៉ាងនេះឯង។
ID: 636853786428697347
ទៅកាន់ទំព័រ៖