ព្រះត្រៃបិដក ភាគ ៤៤
តែងបាននៅគ្រប់គ្រង នៅជាប្រធានលើសង្រ្គាមនោះឯង។ ម្នាលភិក្ខុទាំងឡាយ យោធាជីវៈពួកខ្លះ ក្នុងលោកនេះ មានសភាពយ៉ាងនេះឯង ម្នាលភិក្ខុទាំងឡាយ នេះជាយោធាជីវៈ ទី៥ តែងមានប្រាកដក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ យោធាជីវៈ ទាំង ៥ ពួកនេះឯង តែងមានប្រាកដ ក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឧបមា ដូចជាយោធាជីវៈនេះ មាន ៥ ពួក តែងមានប្រាកដ ក្នុងភិក្ខុទាំងឡាយ ក៏យ៉ាងនេះឯង។ បុគ្គល ៥ ពួក តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចូលទៅពឹងពាក់អាស្រ័យនឹងស្រុក ឬនិគមណាមួយ។ ភិក្ខុនោះ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅកាន់ស្រុក ឬនិគមនោះឯង ដើម្បីបិណ្ឌបាត មិនបានរក្សាកាយ មិនបានរក្សាវាចា មិនបានរក្សាចិត្ត មិនបានដម្កល់ស្មារតី មិនសង្រួមឥន្រ្ទិយ។ ភិក្ខុនោះ ឃើញមាតុគ្រាម ក្នុងស្រុក ឬនិគមនោះ ដែលស្លៀកពាក់មិនល្អ ឬដណ្តប់មិនល្អ រាគៈ ក៏អុចអាលចិត្ត របស់ភិក្ខុនោះ ព្រោះឃើញនូវមាតុគ្រាម ដែលស្លៀកពាក់មិនល្អ ឬដណ្តប់មិនល្អ។ ភិក្ខុនោះ កាលបើមានចិត្ត ត្រូវរាគៈអុចអាលហើយ ក៏មិនបានពោលលានូវសិក្ខា មិនបានប្រកាសនូវភាពនៃខ្លួន ជាអ្នកមានកម្លាំងថយ ហើយក៏សេពនូវមេថុនធម្ម។
ID: 636853829690061756
ទៅកាន់ទំព័រ៖