ព្រះត្រៃបិដក ភាគ ៤៤
ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ មានឧបមាដូចជាយោធាជីវៈ ទី៥ តែងមានប្រាកដ ក្នុងភិក្ខុទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឧបមាដូចជាយោធាជីវៈ ទាំង ៥ នេះឯង តែងមានប្រាកដ ក្នុងភិក្ខុទាំងឡាយ។
[៧៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកនៅព្រៃ កាលពិចារណាឃើញនូវអនាគតភ័យ ៥ យ៉ាងនេះ ជាអ្នកមិនប្រមាទ មានព្យាយាម ញ៉ាំងកិលេសឲ្យក្តៅ មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ទើបអាចដើម្បីដល់នូវគុណវិសេស ដែលខ្លួនមិនទាន់បានដល់ ដើម្បីបាននូវគុណវិសេស ដែលខ្លួនមិនទាន់បាន ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់។ ភ័យ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកនៅព្រៃ ពិចារណាឃើញដូច្នេះថា ឥឡូវនេះ អាត្មាអញនៅក្នុងព្រៃតែម្នាក់ឯង ពស់គប្បីចឹកអាត្មាអញក្តី ខ្ទួយគប្បីទិចអាត្មាអញក្តី ក្អែបគប្បីខាំអាត្មាអញក្តី ដែលនៅក្នុងព្រៃតែម្នាក់ឯង កាលកិរិយា គប្បីមានដល់អាត្មាអញ ដោយហេតុនោះ អន្តរាយនោះ គប្បីមានដល់អាត្មាអញមិនខាន។ បើដូច្នោះ អាត្មាអញ ប្រារព្ធនូវសេចក្តីព្យាយាម ដើម្បីដល់នូវគុណវិសេស ដែលខ្លួនមិនទាន់បានដល់ ដើម្បីបាននូវគុណវិសេស ដែលខ្លួនមិនទាន់បាន ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់។
ID: 636853832232777191
ទៅកាន់ទំព័រ៖