ព្រះត្រៃបិដក ភាគ ៤៤
ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកនៅព្រៃ កាលបើពិចារណាឃើញ នូវអនាគតភ័យ ទី១ នេះហើយ ជាអ្នកមិនប្រមាទ មានព្យាយាម ញ៉ាំងកិលេសឲ្យក្តៅ មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ទើបអាចដើម្បីដល់ នូវគុណវិសេស ដែលខ្លួនមិនទាន់បានដល់ ដើម្បីបាននូវគុណវិសេស ដែលខ្លួនមិនទាន់បាន ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុអ្នកនៅព្រៃ ពិចារណាឃើញដូច្នេះថា ឥឡូវនេះ អាត្មាអញ នៅក្នុងព្រៃតែម្នាក់ឯង ក៏កាលដែលអាត្មាអញនៅក្នុងព្រៃតែម្នាក់ឯង គប្បីភ្លាត់ដួលទៅក្តី ភត្តដែលអាត្មាអញបរិភោគហើយ គប្បីឲ្យទោសក្តី ប្រមាត់ របស់អាត្មាអញ គប្បីកំរើកឡើងក្តី ស្លេស្មរបស់អាត្មាអញ គប្បីកំរើកឡើងក្តី ខ្យល់ទាំងឡាយ ដែលមានមុខមុត ដូចជាកាំបិត គប្បីកំរើកឡើងក្តី កាលកិរិយា គប្បីមានដល់អាត្មាអញ ដោយហេតុនោះ សេចក្តីអន្តរាយនោះ គប្បីមានដល់អាត្មាអញមិនខាន។ បើដូច្នោះ អាត្មាអញ ប្រារព្ធនូវសេចក្តីព្យាយាម ដើម្បីដល់នូវគុណវិសេស ដែលខ្លួនមិនទាន់បានដល់ ដើម្បីបាននូវគុណវិសេស ដែលខ្លួនមិនទាន់បាន ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់។
ID: 636853832419367863
ទៅកាន់ទំព័រ៖