ព្រះត្រៃបិដក ភាគ ៤៤
ក៏បានដល់តតិយជ្ឈាន ដែលព្រះអរិយទាំងឡាយ តែងសរសើរថា បុគ្គលដែលបានដល់តតិយជ្ឈាន រមែងជាអ្នកព្រងើយកន្តើយ មានសតិនៅជាសុខ ព្រោះលះបង់សុខផង ព្រោះលះបង់ទុក្ខផង ព្រោះអស់សោមនស្ស និងទោមនស្ស ក្នុងកាលមុនផង ក៏បានដល់ចតុត្ថជ្ឈាន ដែលឥតទុក្ខ ឥតសុខ មានតែសតិដ៏បរិសុទ្ធ ដោយឧបេក្ខា ម្នាលភិក្ខុទាំងឡាយ នេះហៅថា កម្លាំងសមាធិ។ ម្នាលភិក្ខុទាំងឡាយ ចុះកម្លាំងបញ្ញា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នកមានបញ្ញា ប្រកបដោយបញ្ញា ដែលអាចកំណត់ដឹងនូវការកើត និងការរលត់ ជាបញ្ញាដ៏ប្រសើរ សម្រាប់ទម្លុះទម្លាយ (នូវគំនរកិលេស) ជាបញ្ញាអាចញ៉ាំងវដ្តទុក្ខ ឲ្យអស់ទៅដោយប្រពៃ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កម្លាំងបញ្ញា។ ម្នាលភិក្ខុទាំងឡាយ កម្លាំងមាន ៥យ៉ាងនេះឯង។
[១៥] ម្នាលភិក្ខុទាំងឡាយ កម្លាំងនេះមាន ៥ យ៉ាង។ កម្លាំង ៥ យ៉ាង តើអ្វីខ្លះ។ គឺកម្លាំងសទ្ធា ១ កម្លាំងវីរិយៈ ១ កម្លាំងសតិ ១ កម្លាំងសមាធិ ១ កម្លាំងបញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ ចុះកម្លាំងសទ្ធា គួរឃើញក្នុងធម៌ណា។ គួរឃើញក្នុងអង្គនៃ សោតាបត្តិ ៤។
ID: 636853786969908303
ទៅកាន់ទំព័រ៖