ព្រះត្រៃបិដក ភាគ ៤៤
មានព្យាយាម ញ៉ាំងកិលេសឲ្យក្តៅ មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ទើបអាចដើម្បីដល់ នូវគុណវិសេស ដែលខ្លួនមិនទាន់បានដល់ ដើម្បីបាននូវគុណវិសេស ដែលខ្លួនមិនទាន់បាន ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់។
[៧៩] ម្នាលភិក្ខុទាំងឡាយ អនាគតភ័យនេះ មាន ៥ យ៉ាង មិនទាន់កើតឡើង ក្នុងកាលឥឡូវនេះទេ នឹងកើតឡើងតទៅ ក្នុងខាងមុខអ្នកទាំងឡាយ គួរដឹងច្បាស់ នូវអនាគតភ័យទាំងនោះ លុះដឹងច្បាស់ហើយ គួរព្យាយាម ដើម្បីលះបង់នូវអនាគតភ័យទាំងនោះចេញ។ អនាគតភ័យ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលដ៏យូរអង្វែង ទៅក្នុងអនាគត ភិក្ខុទាំងឡាយ នឹងមិនបានចំរើនកាយ មិនបានចំរើនសីល មិនបានចំរើនចិត្ត មិនបានចំរើនបញ្ញាទេ បើភិក្ខុទាំងនោះ មិនបានចំរើនកាយ មិនបានចំរើនសីល មិនបានចំរើនចិត្ត មិនបានចំរើនបញ្ញាហើយ នឹងញ៉ាំងបុគ្គលដទៃ ឲ្យឧបសម្ប័ទ ភិក្ខុទាំងនោះឯង នឹងមិនអាចដើម្បីទូន្មាន ក្នុងអធិសីល អធិចិត្ត និងអធិបញ្ញាបានឡើយ ភិក្ខុទាំងនោះ នឹងមិនបានចំរើនកាយ មិនបានចំរើនសីល មិនបានចំរើនចិត្ត មិនបានចំរើនបញ្ញា កាលបើភិក្ខុទាំងនោះ មិនបានចំរើនកាយ
ID: 636853834575891209
ទៅកាន់ទំព័រ៖