ព្រះត្រៃបិដក ភាគ ៤៤
ម្នាលភិក្ខុទាំងឡាយ ការខូចវិន័យ ព្រោះខូចធម៌ ការខូចធម៌ ព្រោះខូចវិន័យ ដោយប្រការដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ នេះជាអនាគតភ័យ ទី៣ មិនទាន់កើតឡើង ក្នុងកាលឥឡូវនេះទេ នឹងកើតឡើងតទៅក្នុងខាងមុខ អ្នកទាំងឡាយ គួរដឹងច្បាស់ នូវអនាគតភ័យនោះ លុះដឹងច្បាស់ហើយ គួរព្យាយាម ដើម្បីលះបង់ នូវអនាគតភ័យនោះចេញ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ក្នុងកាលដ៏យូរអង្វែងទៅ ក្នុងអនាគត ភិក្ខុទាំងឡាយ មិនបានចំរើនកាយ មិនបានចំរើនសីល មិនបានចំរើនចិត្ត មិនបានចំរើនបញ្ញាទេ កាលបើភិក្ខុទាំងនោះ មិនបានចំរើនកាយ មិនបានចំរើនសីល មិនបានចំរើនចិត្ត មិនបានចំរើនបញ្ញាហើយ ពួកព្រះសូត្រណា ដែលជាតថាគតភាសិត ជ្រាលជ្រៅ (ដោយបាលី) ជ្រាលជ្រៅដោយអត្ថ ជាលោកុត្តរធម៌ ប្រកបដោយភាវៈសោះសូន្យ កាលបើព្រះសូត្រទាំងនោះ ដែលភិក្ខុកំពុងពោល (ជនដទៃ) ក៏មិនប្រាថ្នាដើម្បីស្តាប់ មិនផ្អៀងត្រចៀកប្រុងស្តាប់ មិនតាំងចិត្ត ដើម្បីចង់ដឹងសោះ ទាំងមិនសំគាល់នូវកិច្ច ដែលខ្លួនត្រូវរៀន ត្រូវទន្ទេញយកធម៌នោះឡើយ បើពួកព្រះសូត្រណា ដែលកវីតាក់តែង ជាពាក្យកាព្យឃ្លោង មានអក្ខរដ៏វិចិត្រ មានព្យញ្ជនៈដ៏វិចិត្រ ជាពាក្យខាងក្រៅ
ID: 636853835110851807
ទៅកាន់ទំព័រ៖