ព្រះត្រៃបិដក ភាគ ៤៤
ជាអ្នកស្តាប់ច្រើន ចាំរបស់ដែលស្តាប់ហើយ ចេះចាំលែងភ្លេច នូវរបស់ដែលស្តាប់ហើយ ពួកធម៌ណា មានលំអត្រង់ខាងដើម មានលំអត្រង់កណ្តាល មានលំអត្រង់ខាងចុង ប្រកាសព្រហ្មចារ្យ ព្រមទាំងអត្ថ ទាំងព្យញ្ជនៈ បរិបូណ៌គ្រប់គ្រាន់ ដ៏បរិសុទ្ធ ភិក្ខុនោះ បានស្តាប់ធម៌ មានសភាពយ៉ាងនោះច្រើន ជាអ្នកស្ទាត់រត់មាត់ នឹកឃើញដោយចិត្តបាន ចាក់ធ្លុះល្អ ដោយប្រាជ្ញាបាន ១ ជាអ្នកមានសំដីពីរោះ គឹកកងល្អ ប្រកបដោយសំដីអ្នកក្រុង ហូរមិនទាក់ មិនខុស ច្បាស់ បានសេចក្តី ១ ជាអ្នកបានតាមប្រាថ្នា បានមិនលំបាក បានទូលាយ នូវឈានទាំង ៤ ជាឈានអាស្រ័យ នូវចិត្តដ៏ប្រសើរ ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្ន ១ ធ្វើឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ក្រៃលែង ខ្លួនឯងក្នុងបច្ចុប្បន្ន ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ដែលប្រកបដោយធម៌ទាំង ៥ យ៉ាងនេះឯង រមែងជាទីស្រឡាញ់ ជាទីពេញចិត្ត ជាទីគោរព ជាទីសរសើរ របស់សព្រហ្មចារីទាំងឡាយ។
ID: 636853837918972423
ទៅកាន់ទំព័រ៖