ព្រះត្រៃបិដក ភាគ ៤៤
ម្នាលភិក្ខុទាំងឡាយ បណ្តាកម្លាំង ៥ យ៉ាងនេះឯង កម្លាំងបញ្ញា ជាគុណជាតខ្ពង់ខ្ពស់ ជាទីប្រជុំព្រម ជាទីអបស្ទប (នៃកម្លាំងទាំងពួង) ក៏មានឧបមេយ្យយ៉ាងនោះឯង។
[១៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង ឈ្មោះថាជាអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន មិនប្រតិបត្តិដើម្បីប្រយោជន៍អ្នកដទៃ។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកបំពេញសីលដោយខ្លួនឯង មិនបបួលអ្នកដទៃ ក្នុងការបំពេញសីល ១ ជាអ្នកបំពេញសមាធិដោយខ្លួនឯង មិនបបួលអ្នកដទៃ ក្នុងការបំពេញសមាធិ ១ ជាអ្នកបំពេញបញ្ញាដោយខ្លួនឯង មិនបបួលអ្នកដទៃ ក្នុងការបំពេញបញ្ញា ១ ជាអ្នកបំពេញវិមុត្តិធម៌ដោយខ្លួនឯង មិនបបួលអ្នកដទៃ ក្នុងការ បំពេញក្នុងវិមុត្តិធម៌ ១ ជាអ្នកបំពេញវិមុត្តិញ្ញាណទស្សនៈ ដោយខ្លួនឯង មិនបបួលអ្នកដទៃ ក្នុងការបំពេញវិមុត្តិញ្ញាណទស្សនៈ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង ឈ្មោះថាជាអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួនឯង មិនប្រតិបត្តិដើម្បី ប្រយោជន៍អ្នកដទៃ។
ID: 636853787346339833
ទៅកាន់ទំព័រ៖