ព្រះត្រៃបិដក ភាគ ៤៤
កកុធវគ្គ
[៩១] ម្នាលភិក្ខុទាំងឡាយ សម្បទានេះ មាន ៥ យ៉ាង។ សម្បទា ៥ យ៉ាង គឺអ្វីខ្លះ។ គឺសទ្ធាសម្បទា ១ សីលសម្បទា ១ សុតសម្បទា ១ ចាគសម្បទា ១ បញ្ញាសម្បទា ១។ ម្នាលភិក្ខុទាំងឡាយ នេះឯងហៅថា សម្បទា ៥ យ៉ាង។
[៩២] ម្នាលភិក្ខុទាំងឡាយ សម្បទានេះ មាន ៥ យ៉ាង។ សម្បទា ៥ យ៉ាង គឺអ្វីខ្លះ។ គឺសីលសម្បទា ១ សមាធិសម្បទា ១ បញ្ញាសម្បទា ១ វិមុត្តិសម្បទា ១ វិមុត្តិញ្ញាណទស្សនៈសម្បទា ១។ ម្នាលភិក្ខុទាំងឡាយ នេះឯហៅថា សម្បទា ៥ យ៉ាង។
[៩៣] ម្នាលភិក្ខុទាំងឡាយ ការព្យាករណ៍ (អួត) អរហន្តផលនេះ មាន ៥ យ៉ាង។ ៥ យ៉ាង គឺអ្វីខ្លះ។ គឺភិក្ខុព្យាករអរហត្តផល ព្រោះតែខ្លួនល្ងង់វង្វេង ១ ភិក្ខុអ្នកមានសេចក្តីប្រាថ្នាអាក្រក់ លុះក្នុងអំណាចសេចក្តីប្រាថ្នា ហើយព្យាករអរហត្តផល ១ ភិក្ខុព្យាករអរហត្តផល ព្រោះតែឆ្កួត ព្រោះចិត្តរវើរវាយ ១ ភិក្ខុព្យាករអរហត្តផល ដោយសំគាល់ថាខ្លួនបាន ១ ភិក្ខុព្យាករអរហត្តផល តាមត្រឹមត្រូវមែន ១។ ម្នាលភិក្ខុទាំងឡាយ នេះឯងហៅថា ការព្យាករណ៍អរហត្តផល ៥ យ៉ាង។
ID: 636853840035033454
ទៅកាន់ទំព័រ៖