ព្រះត្រៃបិដក ភាគ ៤៤
ទេវបុត្តនោះ បានអត្តភាព មានសភាពយ៉ាងនេះ ប្រហែលប៉ុនគាមក្ខេត្ត របស់អ្នកស្រុកមគធៈពីរ ឬបី។ ទេវបុត្តនោះ មិនទើសខ្លួនឯង មិនទើសអ្នកដទៃ ព្រោះតែការបានអត្តភាពនោះឡើយ។ គ្រានោះ កកុធទេវបុត្ត ចូលទៅរកព្រះមហាមោគ្គល្លានដ៏មានអាយុ លុះចូលទៅដល់ហើយ ទើបថ្វាយបង្គំព្រះមហាមោគ្គល្លានដ៏មានអាយុ ហើយឈរក្នុងទីសមគួរ។ លុះកកុធទេវបុត្ត ឈរក្នុងទីសមគួរហើយ បានទូលព្រះមហាមោគ្គល្លាន ដ៏មានអាយុយ៉ាងនេះថា បពិត្រលោកម្ចាស់ ទេវទត្ត កើតចិត្តលុះក្នុងសេចក្តីប្រាថ្នា មានសភាពយ៉ាងនេះថា អញនឹងគ្រប់គ្រងភិក្ខុសង្ឃ ដូច្នេះ បពិត្រលោកម្ចាស់ ទេវទត្ដ ក៏សាបសូន្យចាកប្ញទ្ធិនោះ ដំណាលគ្នានឹងចិត្តដែលកើតឡើង។ កកុធទេវបុត្ត បានថ្លែងពាក្យនេះ លុះថ្លែងពាក្យនេះហើយ ក៏ក្រាបថ្វាយបង្គំលាព្រះមហាមោគ្គល្លាន ដ៏មានអាយុ ធ្វើប្រទក្សិណហើយ ក៏បាត់ក្នុងទីនោះឯង។ លំដាប់នោះ ព្រះមហាមោគ្គល្លានដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។
ID: 636853841464185197
ទៅកាន់ទំព័រ៖