ព្រះត្រៃបិដក ភាគ ៤៤
កាលបើមានចិត្ត ប្រកបដោយបីតិ នាមកាយក៏ស្ងប់រម្ងាប់ ភិក្ខុដែលមាននាមកាយស្ងប់រម្ងាប់ ក៏រមែងទទួលសេចក្តីសុខ ចិត្តរបស់ភិក្ខុ ដែលមានសេចក្តីសុខ ក៏រមែងដំកល់មាំ ម្នាលភិក្ខុទាំងឡាយ នេះជា វិមុត្តាយតនៈ ទី៤ ដែលជាគុណជាត សម្រាប់ភិក្ខុមិនប្រមាទ។ បេ។ ចិត្តដែលមិនទាន់ដល់នូវធម៌ ជាគ្រឿងក្សេមចាកយោគៈ ក៏រមែងដល់។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ព្រះសាស្តា ឬភិក្ខុជាសព្រហ្មចារីណាមួយ ដែលជាគរុដ្ឋានីយបុគ្គល មិនបានសំដែងធម៌ដល់ភិក្ខុទេ ទាំងក៏មិនបានសំដែងធម៌ ដល់បុគ្គលដទៃ តាមសមគួរដល់ការចេះដឹង សមគួរដល់ការសិក្សា ដោយពិស្តារទេ ទាំងមិនបានធ្វើនូវការស្វាធ្យាយធម៌ តាមសមគួរ ដល់ការចេះដឹង សមគួរដល់ការសិក្សា ដោយពិស្តារទេ ទាំងមិនបានត្រិះរិះ ពិចារណា រំពឹងក្នុងចិត្ត ដោយចិត្តចំពោះធម៌ តាមសមគួរដល់ការ ចេះដឹង សមគួរដល់ការសិក្សាទេ តែលោករៀនយកដោយល្អ នូវសមាធិនិមិត្តណាមួយ ធ្វើទុកក្នុងចិត្តដោយល្អ ចងចាំ ដោយល្អ យល់ច្បាស់ដោយល្អ ដោយប្រាជ្ញា ម្នាលភិក្ខុទាំងឡាយ ភិក្ខុរៀនយកដោយល្អ នូវសមាធិនិមិត្តណាមួយ ធ្វើទុកក្នុងចិត្តដោយល្អ ចងចាំដោយល្អ យល់ច្បាស់ដោយល្អ ដោយបញ្ញាយ៉ាងណាៗ
ID: 636853791527318972
ទៅកាន់ទំព័រ៖