ព្រះត្រៃបិដក ភាគ ៤៤
បាននូវឯកគ្គតារម្មណ៍ តែមិនទាន់បានដល់ នូវការសង្កត់សង្កិន ឃាត់ហាមកិលេស ដោយសេចក្តីព្យាយាមទេ ១ ញាណ រមែងកើតឡើង ចំពោះខ្លួនថា អាត្មាអញនោះសោត នឹករលឹករួច សឹមចូលកាន់សមាធិនេះ នឹករលឹករួច សឹមចេញចាកសមាធិនេះ ១។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរជាអ្នកប្រកបដោយប្រាជ្ញាចាស់ក្លា និងសតិខ្ជាប់ខ្ជួន ចំរើននូវសមាធិ ប្រមាណមិនបាន ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយ ប្រកបដោយប្រាជ្ញាចាស់ក្លា និងសតិខ្ជាប់ខ្ជួន ចំរើនសមាធិ ប្រមាណមិនបាន ញាណទាំង ៥ ប្រការនេះឯង រមែងកើតឡើង ចំពោះខ្លួនឯងមិនខាន។
[២៨] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងវិធីចំរើនសម្មាសមាធិ ដ៏ប្រសើរ ប្រកបដោយអង្គ ៥ ចូរអ្នកទាំងឡាយ ប្រុងស្តាប់សម្មាសមាធិនោះចុះ។បេ។ ម្នាលភិក្ខុទាំងឡាយ វីធីចំរើនសម្មាសមាធិដ៏ប្រសើរ ប្រកបដោយអង្គ ៥ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាម។បេ។ បានដល់បឋមជ្ឈាន។ ភិក្ខុនោះក៏ ញ៉ាំងករជកាយនេះ ឲ្យជ្រូតជ្រាប ឆ្អែតស្កប់ស្កល់ បរិបូណ៌ផ្សព្វផ្សាយដោយបីតិ និងសុខ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ ប្រទេសបន្តិចបន្តួច នៃកាយទាំងអស់ របស់ភិក្ខុនោះ ឈ្មោះថា មិនផ្សព្វផ្សាយដោយបីតិ និងសុខ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ មិនមានឡើយ
ID: 636853792236129513
ទៅកាន់ទំព័រ៖