ព្រះត្រៃបិដក ភាគ ៤៤
ម្នាលភិក្ខុទាំងឡាយ ដូចអ្នកផ្ងូតទឹកក្តី បុគ្គលអ្នកជំនួយការនៃអ្នកផ្ងូតទឹកក្តី ដែលឈ្លាសវៃ រោយលំអិតសម្រាប់ងូត ក្នុងភាជនៈសម្រិទ្ធិ ហើយប្រោះព្រំដោយទឹក រួចហើយក៏សូនជាដុំ លុះដល់វេលាល្ងាច ដុំលំអិតសម្រាប់ងូត (នោះ) ក៏ស្អិតចាប់ចូលគ្នាស្អិតល្មួត ទាំងខាងក្នុងខាងក្រៅ មិនបានរាត់រាយខ្ចាយចេញឡើយ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលញ៉ាំងករជកាយនេះ ឲ្យជ្រួតជ្រាប ឆ្អែតស្កប់ស្កល់ បរិបូណ៌ ផ្សព្វផ្សាយដោយបីតិ និងសុខ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ ប្រទេសបន្តិចបន្តួច នៃកាយទាំងអស់របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយដោយបីតិ និងសុខ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ មិនមានឡើយ ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ នេះជាវិធីចំរើនសម្មាសមាធិដ៏ប្រសើរ ប្រកបដោយអង្គ ៥ ទី១។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុព្រោះរម្ងាប់វិតក្កៈ និងវិចារៈ។បេ។ បានដល់ទុតិយជ្ឈាន។ ភិក្ខុនោះ ក៏ញ៉ាំងករជកាយនេះ ឲ្យជ្រួតជ្រាប ឆ្អែតស្កប់ស្កល់ បរិបូណ៌ ផ្សព្វផ្សាយដោយបីតិ និងសុខ ដែលកើតអំពីសមាធិ ប្រទេសបន្តិចបន្តួច នៃកាយទាំងអស់ របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយដោយបីតិ និងសុខ ដែលកើតអំពីសមាធិ មិនមានឡើយ
ID: 636853792403639094
ទៅកាន់ទំព័រ៖