ព្រះត្រៃបិដក ភាគ ៤៤
ម្នាលភិក្ខុទាំងឡាយ ដូចជាអន្លង់ទឹកដ៏ជ្រៅ មានទឹកជោរឡើង ប្រឡាយជាទីហូរមកនៃទឹក ក្នុងទិសខាងកើត នៃអន្លង់ទឹកនោះ ក៏មិនមាន ប្រឡាយជាទីហូរមកនៃទឹក ក្នុងទិសខាងលិច ក៏មិនមាន ប្រឡាយជាទីហូរមកនៃទឹក ក្នុងទិសខាងជើង ក៏មិនមាន ប្រឡាយជាទីហូរមកនៃទឹក ក្នុងទិសខាងត្បូង ក៏មិនមាន ទាំងភ្លៀង ក៏មិនបានបង្អុរចុះនូវធារទឹកដោយស្រួល ក្នុងអន្លង់ទឹកនោះ តាមកាលវេលាឡើយ ឯធារទឹកដ៏ត្រជាក់ ក៏ស្រាប់តែជោរឡើង អំពីអន្លង់ទឹកនោះប៉ុណ្ណោះ ហើយក៏ញ៉ាំងអន្លង់ទឹកនោះ ឲ្យជ្រួតជ្រាបឆ្អែតដីបរិបូណ៌ផ្សព្វផ្សាយ ដោយទឹកដ៏ត្រជាក់ ប្រទេសបន្តិចបន្តួច នៃអន្លង់ទឹកទាំងអស់នោះ ឈ្មោះថា មិនបានផ្សព្វផ្សាយដោយទឹកត្រជាក់ មិនមានឡើយ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុញ៉ាំងករជកាយនេះ ឲ្យជ្រួតជ្រាប ឆ្អែតស្កប់ស្កល់ បរិបូណ៌ ផ្សព្វផ្សាយដោយបីតិ និងសុខ ដែលកើតអំពីសមាធិ ប្រទេសបន្តិចបន្តួច នៃកាយទាំងអស់ របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយដោយបីតិ និងសុខ ដែលកើតអំពីសមាធិ មិនមានឡើយ ក៏យ៉ាងនោះឯង។
ID: 636853792653953412
ទៅកាន់ទំព័រ៖