ព្រះត្រៃបិដក ភាគ ៤៤
ប្រទេសបន្តិចបន្តួច នៃកាយទាំងអស់ របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយដោយសុខ ដែលគ្មានបីតិ មិនមានឡើយ ក៏យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ នេះជាវិធីចំរើន សម្មាសមាធិដ៏ប្រសើរ ប្រកបដោយអង្គ ៥ ទី៣។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុព្រោះលះបង់សុខផង លះបង់ទុក្ខផង។បេ។ ក៏បានដល់ចតុត្ថជ្ឈាន។ ភិក្ខុនោះ អង្គុយផ្សាយទៅកាន់កាយនេះឯង ដោយចិត្តដ៏បរិសុទ្ធផូរផង់ ប្រទេសបន្តិចបន្តួច នៃកាយទាំងអស់ របស់ភិក្ខុនោះ ឈ្មោះថា មិនផ្សាយដោយចិត្ត ដ៏បរិសុទ្ធផង មិនមានឡើយ ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសយកសំពត់សស្អាត មកអង្គុយទទូរអស់ទាំងក្បាល ប្រទេសបន្តិចបន្តួចនៃកាយទាំងអស់ របស់បុរសនោះ ឈ្មោះថា មិនផ្សាយដោយសំពត់សស្អាត មិនមានឡើយ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលអង្គុយផ្សាយទៅកាន់កាយនេះឯង ដោយចិត្តដ៏បរិសុទ្ធផូរផង់ ប្រទេសបន្តិចបន្តួច នៃកាយទាំងអស់ របស់ភិក្ខុនោះ ឈ្មោះថា មិនផ្សាយដោយចិត្ត ដ៏បរិសុទ្ធផូរផង់ មិនមានឡើយ ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ នេះជាវិធីចំរើនសម្មាសមាធិដ៏ប្រសើរ ប្រកបដោយអង្គ ៥ ទី៤។
ID: 636853793152611933
ទៅកាន់ទំព័រ៖