ព្រះត្រៃបិដក ភាគ ៤៤
បពិត្រព្រះអង្គដ៏ចំរើន គប្បីដោយតាមមកបាន។ ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ ក៏ដូច្នោះដែរ កាលបើសម្មាសមាធិដ៏ប្រសើរ ប្រកបដោយអង្គ ៥ ភិក្ខុបានចំរើនហើយ យ៉ាងនេះ ធ្វើឲ្យច្រើនហើយ យ៉ាងនេះ ភិក្ខុបង្អោនចិត្ត ទៅរកធម៌ណាៗ ដែលគួរធ្វើឲ្យជាក់ច្បាស់ ដោយអភិញ្ញា កាលបើមានហេតុ មានទំនង រមែងដល់នូវសេចក្តីជាក់ច្បាស់ ក្នុងធម៌នោះៗ ដោយការធ្វើឲ្យជាក់ច្បាស់ ដោយអភិញ្ញា។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ដូចជាស្រះបោក្ខរណី ក្នុងភូមិភាគដ៏ស្មើ មានជ្រុង ៤ មានភ្លឺព័ទ្ធជុំវិញ ជាស្រះពេញដោយទឹក ពេញស្មើ (នឹងមាត់) ល្មមសត្វក្អែក ឱនផឹកបាន បុរសអ្នកមានកម្លាំង នឹងបើកនូវភ្លឺនោះចេញ ត្រង់កន្លែងណាៗ តើទឹកគប្បីហូរចេញទៅបានដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន នឹងហូរចេញទៅបាន។ ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ ក៏ដូច្នោះដែរ កាលបើសម្មាសមាធិដ៏ប្រសើរ ប្រកបដោយអង្គ ៥ ភិក្ខុបានចំរើនហើយ យ៉ាងនេះ បានធ្វើឲ្យច្រើនហើយ យ៉ាងនេះ ភិក្ខុបង្អោនចិត្តទៅរកធម៌ណាៗ ដែលគួរធ្វើឲ្យជាក់ច្បាស់ ដោយអភិញ្ញា កាលបើមានហេតុ មានទំនង ក៏រមែងដល់នូវសេចក្តីជាក់ច្បាស់ ក្នុងធម៌នោះៗ ដោយការធ្វើឲ្យជាក់ច្បាស់ ដោយអភិញ្ញា។
ID: 636853793495291533
ទៅកាន់ទំព័រ៖