ព្រះត្រៃបិដក ភាគ ៤៤
ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ដូចជារថសេះអាជានេយ្យ ដែលគេទឹមបញ្ឈរទុក ក្នុងផ្លូវធំ ៤ មានផែនដីរាបស្មើ តែងមានរំពាត់ផ្គងទុក នាយសារថីអ្នកទូន្មានសេះ ជាអាចារ្យអ្នកបង្ហាត់សេះ ស្ទាត់វាងវៃ ឡើងកាន់រថនោះ យកដៃឆ្វេងកាន់ខ្សែ ដៃស្តាំកាន់រំពាត់ហើយ បរទៅមុខក្តី បរបត់មកក្រោយក្តី តាមផ្លូវណាៗ ដែលគេប្រាថ្នា យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលបើសម្មាសមាធិដ៏ប្រសើរ ប្រកបដោយអង្គ ៥ ដែលភិក្ខុចំរើនហើយ យ៉ាងនេះ ធ្វើឲ្យច្រើនហើយយ៉ាងនេះ ភិក្ខុបង្អោនចិត្ត ទៅរកធម៌ណាៗ ដែលគួរធ្វើឲ្យជាក់ច្បាស់ ដោយអភិញ្ញា កាលបើមានហេតុ មានទំនង រមែងដល់នូវសេចក្តីជាក់ច្បាស់ ក្នុងធម៌នោះៗ ដោយការធ្វើឲ្យជាក់ច្បាស់ ដោយអភិញ្ញា ក៏យ៉ាងនោះឯង។ បើភិក្ខុនោះ ប្រាថ្នាថា សូមឲ្យអាត្មាអញ បានសម្រេចឥទ្ធិវិធញ្ញាណ ច្រើនប្រការ គឺ អាត្មាអញម្នាក់ឯង និម្មិតខ្លួនឲ្យបានច្រើននាក់ក៏បាន។បេ។ អាត្មាអញ គប្បីធ្វើអំណាច ឲ្យប្រពឹត្តទៅដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន កាលបើមានហេតុ មានទំនង ភិក្ខុនោះ រមែងបានដល់នូវសេចក្តីជាក់ច្បាស់ ក្នុងឥទ្ធិវិធញ្ញាណនោះៗ។
ID: 636853793677811973
ទៅកាន់ទំព័រ៖