ព្រះត្រៃបិដក ភាគ ៤៤
បើភិក្ខុនោះ ប្រាថ្នាថា សូមឲ្យអាត្មាអញ មានសោតធាតុជាទិព្វ។បេ។ ឮសំឡេងឆ្ងាយក៏បាន ជិតក៏បាន កាលបើមានហេតុ មានទំនង ភិក្ខុនោះ រមែងដល់នូវសេចក្តីជាក់ច្បាស់ ក្នុងសោតធាតុនោះៗ។ បើភិក្ខុនោះ ប្រាថ្នាថា សូមឲ្យអាត្មាអញ កំណត់ដឹងចិត្ត របស់សត្វដទៃ បុគ្គលដទៃ ដោយចិត្ត (របស់ខ្លួន) គឺចិត្ត ប្រកបដោយរាគៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយរាគៈ។បេ។ ចិត្តមិនទាន់រួចស្រឡះចាកកិលេសក្តី ក៏ដឹងច្បាស់ថា ចិត្តមិនទាន់រួចស្រឡះ ចាកកិលេស កាលបើមានហេតុ មានទំនង ភិក្ខុនោះ រមែងដល់នូវសេចក្តីជាក់ច្បាស់ ក្នុងបរចិត្តវិជ្ជានោះៗ។ បើភិក្ខុនោះ ប្រាថ្នាថា សូមឲ្យអាត្មាអញ រឭកឃើញនូវបុព្វេនិវាសច្រើនប្រការ គឺរឭកបាន ១ ជាតិខ្លះ ២ ជាតិខ្លះ។បេ។ គប្បីរឭកឃើញនូវបុព្វេនិវាសច្រើនប្រការ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះ កាលបើមានហេតុ មានទំនង ភិក្ខុនោះ រមែងបានដល់នូវសេចក្តីជាក់ច្បាស់ ក្នុងបុព្វេនិវាសញ្ញាណនោះៗ។ បើភិក្ខុនោះ ប្រាថ្នាថា សូមឲ្យអាត្មាអញ មានទិព្វចក្ខុដ៏បរិសុទ្ធ កន្លងហួសចក្ខុរបស់មនុស្សធម្មតា។បេ។ គប្បីដឹងច្បាស់ នូវពពួកសត្វ ដែលអន្ទោលទៅតាមកម្ម កាលបើមានហេតុ មានទំនង ភិក្ខុនោះ រមែងបានដល់នូវសេចក្តីជាក់ច្បាស់ ក្នុងទិព្វចក្ខុញ្ញាណនោះៗ។
ID: 636853793840811296
ទៅកាន់ទំព័រ៖