ព្រះត្រៃបិដក ភាគ ៤៤
បើភិក្ខុនោះ ប្រាថ្នាថា សូមឲ្យអាត្មាអញ បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលជាធម៌មិនមានអាសវៈ ព្រោះអស់ទៅនៃអាសាវៈទាំងឡាយ ដោយប្រាជ្ញា ដ៏ឧត្តមដោយខ្លួនឯង ក្នុងបច្ចុប្បន្ន កាលបើមានហេតុ មានទំនង ភិក្ខុនោះ រមែងបានដល់នូវសេចក្តីជាក់ច្បាស់ ក្នុងអាសវក្ខយញ្ញាណនោះៗ។
[២៩] ម្នាលភិក្ខុទាំងឡាយ អានិសង្ស ក្នុងការចង្រ្កមនេះ មាន ៥ យ៉ាង។ អានិសង្ស ៥ យ៉ាង តើអ្វីខ្លះ។ គឺជាអ្នកអត់ធន់ ក្នុងដំណើរផ្លូវឆ្ងាយ ១ អត់ធន់ក្នុងការព្យាយាម ១ មិនមានជម្ងឺ ១ ភោជនដែលបរិភោគ ផឹក ទំពាស៊ី លិទ្ធភ្លក្សហើយ រមែងរលួយដោយស្រួល ១ សមាធិដែលកើតអំពីការចង្រ្កម រមែងតាំងនៅអស់កាលយូរ ១។ ម្នាលភិក្ខុទាំងឡាយ អានិសង្ស ក្នុងការចង្រ្កម មាន៥យ៉ាងនេះឯង។
[៣០] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅកាន់ចារិក ក្នុងដែនកោសល ជាមួយនឹងភិក្ខុសង្ឃច្រើនអង្គ ក៏បានស្តេចទៅដល់ព្រាហ្មណគ្រាម ឈ្មោះ ឥច្ឆានង្គលៈ របស់អ្នកដែនកោសល។ តាមដំណឹងថា ព្រះដ៏មានព្រះភាគ ទ្រង់សម្រេចឥរិយាបថ ក្នុងដងព្រៃឥច្ឆានង្គលៈ ជិតស្រុកឈ្មោះ ឥច្ឆានង្គលៈនោះ។
ID: 636853794063374026
ទៅកាន់ទំព័រ៖