ព្រះត្រៃបិដក ភាគ ៤៤
ម្នាលនាគិតៈ បុគ្គលដែលស៊ី ផឹក ទំពាស៊ី លិទ្ធភ្លក្ស រមែងមានឧច្ចារៈ បស្សាវៈ នេះជាអានិសង្ស នៃការជ្រោកជ្រាកនោះ ម្នាលនាគិតៈ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀតចង្អល់ចិត្ត តែងកើតឡើង ព្រោះប្រែប្រួល ព្រាត់ប្រាស និរាសចាកសត្វ សង្ខារជាទីស្រឡាញ់ នេះជាអានិសង្ស នៃសេចក្តីស្រឡាញ់នោះ ម្នាលនាគិតៈ ការខ្ពើមរអើម ក្នុងអសុភនិមិត្ត តែងតាំងឡើង ដល់បុគ្គលអ្នកប្រព្រឹត្តព្យាយាម ក្នុងអសុភនិមិត្ត នេះជាអានិសង្ស នៃសេចក្តីព្យាយាមនោះ ម្នាលនាគិតៈ ការខ្ពើមរអើម ក្នុងផស្សៈ តែងតាំងឡើង ដល់បុគ្គលអ្នកពិចារណារឿយ ៗ ថាមិនទៀង ក្នុងផស្សាយតនៈទាំង ៦ នេះជាអានិសង្ស នៃការពិចារណាថា មិនទៀងនោះ ម្នាលនាគិតៈ ការខ្ពើមរអើម ក្នុងឧបាទានក្ខន្ធ តែងតាំងឡើង ដល់បុគ្គលអ្នកពិចារណា នូវការកើតឡើង និងការវិនាសទៅ ក្នុងឧបាទានក្ខន្ធទាំង ៥ នេះជាអានិសង្សនៃការពិចារណាឧបាទានក្ខន្ធនោះ។
ចប់ បញ្ចង្គិកវគ្គ ទី៣។
ID: 636853794960485338
ទៅកាន់ទំព័រ៖