ព្រះត្រៃបិដក ភាគ ៤៤
បុគ្គលនោះ លុះដល់បានបួសហើយ រមែងគ្របសង្កត់បព្វជិតឯណោះ ដែលមិនមែនជាទាយក ដោយហេតុ ៥យ៉ាង គឺបើគេអង្វរ រមែងប្រើប្រាស់ចីវរច្រើន បើគេមិនអង្វរ ប្រើប្រាស់ចីវរតិច ១ បើគេអង្វរ រមែងបរិភោគបិណ្ឌបាតច្រើន បើគេមិនអង្វរ ក៏បរិភោគបិណ្ឌបាតតិច ១ បើគេអង្វរ រមែងប្រើប្រាស់សេនាសនៈច្រើន បើគេមិនអង្វរ ក៏ប្រើប្រាស់សេនាសនៈតិច ១ បើគេអង្វរ រមែងប្រើប្រាស់គិលានប្បច្ចយភេសជ្ជបរិក្ខារច្រើន បើគេមិនអង្វរ ក៏ប្រើប្រាស់គិលានប្បច្ចយភេសជ្ជបរិក្ខារតិច ១ បើប្រសិនជានៅជាមួយពួកសព្រហ្មចារីណា ពួកសព្រហ្មចារីនោះ រមែងរាប់អានភិក្ខុនោះ ដោយកាយកម្ម ជាទីគាប់ចិត្តច្រើន មិនគាប់ចិត្តតិច រាប់អានដោយវចីកម្ម ជាទីគាប់ចិត្តច្រើន មិនគាប់ចិត្តតិច រាប់អានដោយមនោកម្ម ជាទីគាប់ចិត្តច្រើន មិនគាប់ចិត្តតិច ខ្វល់ខ្វាយបំរើជាទីគាប់ចិត្តច្រើន មិនគាប់ចិត្តតិច ១។ ម្នាលនាងសុមនា បុគ្គលណាជាទាយក បុគ្គលនោះ ដល់បានបួសហើយ រមែងគ្របសង្កត់បព្វជិតឯណោះ ដែលមិនមែនជាទាយក ដោយហេតុ ៥យ៉ាងនេះ។ បពិត្រព្រះអង្គដ៏ចំរើន ចុះបើបព្វជិតទាំងពីររូបនោះ បានសម្រេចព្រះអរហត្ត
ID: 636853795749200450
ទៅកាន់ទំព័រ៖