ព្រះត្រៃបិដក ភាគ ៤៤
សង្ឃទាំងនុ៎ះ ជាសង្ឃសាវក នៃព្រះដ៏មានព្រះភាគ ជាអ្នកគួរទទួលចតុប្បច្ច័យ ដែលគួរឧទ្ទិសចំពោះ ហើយនាំមកបូជា គួរទទួលអាគន្តុកទាន គួរទទួលនូវទាន ដែលបុគ្គលជឿនូវកម្ម និងផលនៃកម្ម ហើយបូជា គួរដល់អញ្ជលិកម្ម ដែលសត្វលោកគប្បីធ្វើ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក ប្រាកដជាប្រសើរជាងសង្ឃ ឬគណៈទាំងនោះ ម្នាលនាងចុន្ទី ពួកបុគ្គលណាជ្រះថ្លា ក្នុងព្រះសង្ឃ ពួកបុគ្គលនោះ ឈ្មោះថាជ្រះថ្លា ក្នុងព្រះសង្ឃដ៏ប្រសើរ ផលដ៏ប្រសើរ រមែងមានដល់ពួកបុគ្គលអ្នកជ្រះថ្លា ក្នុងព្រះសង្ឃដ៏ប្រសើរ។ ម្នាលនាងចុន្ទី សីលដែលព្រះអរិយៈសរសើរ ទាំងអម្បាលម៉ាន ជាសីលមិនដាច់ មិនធ្លុះ មិនពពាល មិនពព្រុស ជាសីលអ្នកជា ដែលវិញ្ញូជនសរសើរហើយ មិនប៉ះពាល់ ដោយតណ្ហា និងទិដ្ឋិ ប្រព្រឹត្តទៅ ដើម្បីសមាធិ នេះប្រាកដជាប្រសើរជាងសីលទាំងនោះ។ ម្នាលនាងចុន្ទី ពួកបុគ្គលណា ជាអ្នកបំពេញក្នុងពួកសីល ដែលព្រះអរិយៈសរសើរហើយ ពួកបុគ្គលទាំងនោះ ឈ្មោះថា បានបំពេញ ក្នុងសីលដ៏ប្រសើរ ផលដ៏ប្រសើរ រមែងមានដល់ពួកបុគ្គលអ្នកបំពេញ ក្នុងសីលដ៏ប្រសើរ។
ID: 636853796862114105
ទៅកាន់ទំព័រ៖