ព្រះត្រៃបិដក ភាគ ៤៤
បានក្រាបទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ផលទានទាំង ៤ប្រការ ដែលបុគ្គលគប្បីឃើញច្បាស់ ដោយខ្លួនឯង ដែលព្រះដ៏មានព្រះភាគ សំដែងប្រាប់ហើយនេះ ខ្ញុំព្រះអង្គ មិនបាច់ជឿព្រះដ៏មានព្រះភាគ ត្រង់ផលទានទាំងនោះទេ ខ្ញុំព្រះអង្គ បានដឹងផលទានទាំងនុ៎ះដែរ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ជាទាយកម្ចាស់ទាន រមែងជាទីស្រឡាញ់ ជាទីគាប់ចិត្តរបស់ជនច្រើន។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គជាទាយកម្ចាស់ទាន ពួកសប្បុរសអ្នកមានចិត្តស្ងាប់រម្ងាប់ តែងរាប់រកខ្ញុំព្រះអង្គ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ជាទាយកម្ចាស់ទាន កិត្តិស័ព្ទដ៏ពីរោះរបស់ខ្ញុំ ក៏លាន់ឮថា សីហសេនាបតី ជាអ្នកឲ្យទាន ជាអ្នកធ្វើបុណ្យ អ្នកឧបដ្ឋាកសង្ឃ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ជាទាយកម្ចាស់ទាន ចូលទៅកាន់បរិសទ្យណា ទោះជាខត្តិយបរិសទ្យ ព្រាហ្មណបរិសទ្យ គហបតិបរិសទ្យ សមណបរិសទ្យ រមែងក្លៀវក្លា មិនមានសេចក្តីអៀនខ្មាស។ បពិត្រព្រះអង្គដ៏ចំរើន ផលទានទាំង ៤ ប្រការ ដែលបុគ្គល គប្បីឃើញច្បាស់ ដោយខ្លួនឯង ដែលព្រះដ៏មានព្រះភាគ សំដែងហើយនេះ ខ្ញុំព្រះអង្គ មិនបាច់ជឿព្រះដ៏មានព្រះភាគ ត្រង់ផលទានទាំងនោះទេ ដ្បិតខ្ញុំព្រះអង្គ ដឹងនូវផលទានទាំងនោះដែរ។
ID: 636853798390941549
ទៅកាន់ទំព័រ៖