ព្រះត្រៃបិដក ភាគ ៤៤
ពាក្យ (សរសើរ) សមតាមហេតុ ៥ យ៉ាងនេះឯង រមែងមកកាន់ស្ថាន ដែលគួរសរសើរ ចំពោះមុខបុគ្គលនោះ ក្នុងបច្ចុប្បន្ននេះ។
[៦] ម្នាលភិក្ខុទាំងឡាយ សទ្ធាដែលបុគ្គលដំកល់ស៊ប់ ក្នុងកុសលធម៌ មានត្រឹមណា ការប៉ះពាល់នូវអកុសលធម៌ ក៏មិនមានត្រឹមណោះ ម្នាលភិក្ខុទាំងឡាយ លុះសទ្ធា សាបសូន្យទៅ អស្សទ្ធិយៈ (ការមិនជឿ) រួបរឹតក្នុងកាលណា ការប៉ះពាល់នូវអកុសលធម៌ មានក្នុងកាលណោះ។ ម្នាលភិក្ខុទាំងឡាយ ហិរិដែលបុគ្គលដម្កល់ស៊ប់ ក្នុងកុសលធម៌ មានត្រឹមណា ការប៉ះពាល់នូវអកុសលធម៌ ក៏មិនមានត្រឹមណោះ ម្នាលភិក្ខុទាំងឡាយ លុះហិរិ សាបសូន្យទៅ អហិរិកៈ (សេចក្តីមិនអៀនខ្មាស) រួបរឹតក្នុងកាលណា ការប៉ះពាល់នូវអកុសលធម៌ ក៏មានក្នុងកាលណោះ។ ម្នាលភិក្ខុទាំងឡាយ ឱត្តប្បៈ ដែលបុគ្គលដំកល់ស៊ប់ ក្នុងកុសលធម៌ មានត្រឹមណា ការប៉ះពាល់នូវអកុសលធម៌ ក៏មិនមានត្រឹមណោះ ម្នាលភិក្ខុទាំងឡាយ លុះឱត្តប្បៈ សាបសូន្យទៅ អនោត្តប្បៈ (សេចក្តីមិនតក់ស្លុត) រួបរឹត ក្នុងកាលណា ការប៉ះពាល់នូវអកុសលធម៌ ក៏មានក្នុងកាលណោះ។
ID: 636853784297135429
ទៅកាន់ទំព័រ៖